(ភ្នំពេញ)៖ មិនមែនជាលើកទី១តែដែល ឧកញ៉ាវ័យក្មេងម្ចាស់ផលិតកម្ម Galaxy ដែលកំពុងមានប្រជាប្រិយភាពលើវិស័យជំនួញ លោក ឡេង ណាវ៉ាត្រា ជាថ្មីម្តងទៀត បានរៀបចំកម្មវិធីតន្រ្តីមួយ នៅប្រទេសកូរ៉េ​ ដើម្បីឲ្យបងប្អូនពលករខ្មែរនៅទីនោះ បានរាំលេងសប្បាយមុនឱកាសបុណ្យភ្ជុំបិណ្ឌ។ ​លោកបានដឹកនាំតារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប ដើម្បីធ្វើឲ្យបរិយាកាសនៅទីនោះ​កាន់តែមានភាពរស់រវើក ព្រោះបានជួបសុទ្ធតែអាយដលក្នុងដួងចិត្តរបស់ពួកគេ​​។ កាន់តែពិសេសក្រុមតារាល្បីពីប្រទេសកម្ពុជា​ នឹងនាំយកនូវបទចម្រៀងថ្មីៗ ដែលកំពុងពេញនិយមទៅចែកជូនបងប្អូនខ្មែរនៅកូរ៉េបានកំសាន្តសប្បាយ។​

លោក ឡេង ណាវ៉ាត្រា បានថ្លែងប្រាប់ Fresh News មុនចេញដំណើរនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកបានដឹកនាំសិល្បករ-សិល្បការិនីកម្ពុជា ទៅសម្តែងនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ពោលគឺជាបាន ៦ទៅ៧ លើកមកហើយ។ យ៉ាងណាមិញ​ លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសធ្វើឲ្យពលករខ្មែរនៅកូរ៉េបានសប្បាយរីករាយ តាមរយៈការរាំកំសាន្តសប្បាយជាមួយនឹងសិល្បករកម្ពុជា។ នេះបានបញ្ជក់ថា ទោះមិនបានសប្បាយជាមួយក្រុមគ្រួសារនៅស្រុកក៏ពិតមែន តែបងប្អូនពលករខ្មែរ អាចសប្បាយជាមួយសិក្បករកម្ពុជា និងបងប្អូនខ្មែរដទៃទៀត ប្រៀបបាននឹងក្រុមគ្រួសារតែម្តងអ៊ីចឹង។

បន្ថែមពីនេះ លោក ឡេង ណាវ៉ាត្រា បានសង្កត់ធ្ងន់ថា គោលបំណងរបស់លោក ដែលដឹកនាំតារាពីកម្ពុជាទៅសម្តែងនៅកូរ៉េនេះ គឺគោលបំណងចង់ឲ្យបងប្អូនខ្មែរបានសប្បាយរីករាយ ពេលសម្រាកពីការងារក្នុងឱកាសមុនភ្ជុំបិណ្ឌ។ ពិសេសជានេះ ក៏ដើម្បីទៅផ្សព្វផ្សាយពីគម្រោងបុរីរបស់លោកផងដែរ។

គួរជម្រាបថា តារាល្បីៗដែលបានទៅសម្តែងនៅកូរ៉េលើកនេះ គឺសុទ្ធតែល្បីៗមិនខុសពីកន្លងមកឡើយ ពោលគឺមានដូចជា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់របស់លោក, លោក ខេម, កញ្ញា អ៊ីវ៉ា, លោក​ ប៉ែន ចំរុង, ក្រុមចចកសមុទ្រ, លោក គូម៉ា និងតារាល្បីៗផ្សេងទៀតផងដែរ៕