(​ភ្នំពេញ)៖ លោក មែន និមលរតន៍ ដែលជាអ្នកគ្រប់គ្រង និងបញ្ចូនតារាម៉ូដែលកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនានា ថ្មីៗនេះត្រូវបាន​អ្នករៀបចំកម្មវិធីប្រួកួតសម្រស់នៅប្រទេសថៃ​​ អញ្ជើញឲ្យធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតផ្នែកបុរស «Mister Pattaya 2019»។

ជាការកត់សម្គាល់​ កម្មវិធីនេះត្រូវបានបញ្ចប់ដោយជោគជ័យហើយ តែយ៉ាងណាលោក ម៉ែន និមលរតន៍ ទទួលបានបទពិសោធន៍ជាច្រើន​ក្នុងដំណើរទៅធ្វើជាគណៈកម្មការពេលនេះ។ ថ្លែងប្រាប់ Fresh News លោក ម៉ែន និមលរតន៍ ថានៅថ្ងៃខាងមុខនឹងរៀបចំកម្មវិធីថ្មីៗ ប្លែកៗ ក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យមានកម្មវិធីប្រកួតសម្រស់ទាំងបុរស-នារី ឲ្យកាន់តែច្រើន​ ពោលគឺមានគ្រប់ទម្រង់តែម្តង។ ដោយការចេញទៅប្រទេសក្រៅម្តងៗ គឺដកបទពិសោធន៍​ និងសិក្សាស្វែងយល់កាន់តែច្រើនពីកម្មវិធីប្រកួតសម្រស់។

លោក ម៉ែន និមលរតន៍ បានបន្ថែមថា នេះជាលើកទី១ហើយ ដែលលោកត្រូវបានអ្នករៀបចំកម្មវិធី អញ្ជើញឲ្យធ្វើជាគណៈកម្មការក្នុងកម្មវិធី​ «Mister Pattaya 2019» នៅ​ប្រទេសថៃ​ ខណៈឆ្នាំ២០១៩នេះ ជាលើកទី៦ហើយ ដែលថៃបានរៀបចំកម្មវិធីនេះឡើង។ លោកថា មូលហេតុដែលគេអញ្ជើញលោកធ្វើជា Judge ដោយសារតែអ្នករៀបចំកម្មវិធី បានដឹងពី Background និងសមត្ថភាពរបស់លោករួចរាល់ហើយ។

លោកបន្ថែមថា ទោះបីនេះជាលើកទី១ ធ្វើជាគណៈកម្មការក្នុងកម្មវិធី «Mister Pattaya 2019» ក៏ពិតមែន​ តែមិនបានន័យថាលើកដំបូង ដែលលោកធ្វើជាគណៈកម្មការឡើយ គឺបានន័យថា សម្រាប់កម្មវិធីផ្សេងដូចជាកម្មវិធីលក្ខណៈអន្តរជាតិនៅប្រទេសម៉ាឡេស៊ី គឺលោកធ្វើជាគណៈកម្មការច្រើនលើកមកហើយគឺ តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។​

ជាមួយនឹងបទពិសោធន៍ច្រើនក្នុងអាជីពម៉ូដែល ទាំងការដឹកនាំតារាម៉ូដែល ទាំងការដាក់ពិន្ទុជាច្រើនកម្មវិធីកន្លងមក ទាំងក្នុង និងក្រៅប្រទេស លោក ម៉ែន និមលរតន៍ បង្ហើបពីគម្រោងថ្មីៗផងដែរថា នឹងមានកម្មវិធីប្រកួតសម្រស់ថ្មីៗបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមក តែមិនទាន់បង្ហើបថាលក្ខណៈអ្វីឡើយ។ ទន្ទឹមគ្នានេះ លោកសង្ឃឹមថាកម្មវិធីដែលលោកនឹងបង្កើត នឹងមានមហាជនគាំទ្រច្រើន ជាពិសេសនោះ​ គឺនឹងមានការចាប់អារម្មណ៍ពីយុវវ័យ ដែលស្រឡាញ់ផ្នែកវិស័យម៉ូដែលតែម្តង៕