(ភ្នំពេញ)៖​ នៅក្នុងឆ្នាំ២០១៩នេះ បេក្ខជន-បេក្ខនារី​ សរុបទាំងអស់ចំនួន៧រូប បានក្លាយ​ជាតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួត ក្នុងកម្មវិធីលក្ខណៈអន្តរជាតិនានា នៅតាមបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោក ​តាមរយៈក្រុមហ៊ុន​​ «Arise Agency»​ ដោយក្នុងនោះបេក្ខជន-បេក្ខនារីនីមួយ ​បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យពិភពលោក​ស្គាល់ពីអរីយធម៌ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍នីមួយៗ។

លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅក្រុមហ៊ុន «Arise Agency» បានថ្លែងឲ្យដឹងថា ជាការពិត​នៅក្នុងឆ្នាំ២០១៩នេះ ក្រុមបានបញ្ជូន​បេក្ខជន-បេក្ខនារី​សរុប៧រូប ក្នុងមានបេក្ខជន១រូប និងបេក្ខនារី​៦រូប ដើម្បីចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិនានា នៅតាមបណ្ដាប្រទេសនីមួយៗ ជុំវិញពិភពលោក។ បេក្ខជន-បេក្ខនារី​នីមួយៗ ត្រូវបានក្រុមហ៊ុនសម្រិតសម្រាំងឡើង យ៉ាងពិសេសទាំងសមត្ថភាព សម្រស់ កាយសម្បទារ ដើម្បីតំណាងឲ្យប្រទេសកម្ពុជា ប្រកួតប្រជែងសមត្ថភាព ជាមួយនឹងបណ្ដាបេក្ខជន-បេក្ខនារី​ មកពីប្រទេសនានា ជុំវិញពិភពលោក។

លោកបានបន្តទៀតថា មុនចេញទៅប្រកួត​បេក្ខជន-បេក្ខនារី​​គ្រប់រូប បានខិតខំហ្វឹកហាត់​ យ៉ាងយកចិត្តទុកដាក់ ទាំងផ្នែកដើរម៉ូត ការឆ្លើយសំណួរ ភាសាអង់គ្លេស ចំណោះដឹងទូទៅ និងត្រៀមនូវឈុតតំណាងជាតិរបស់ខ្លួន ក្នុងកម្មវិធីនីមួយៗ ដើម្បីបង្ហាញក្នុងកម្មវិធីដែលពួកគេចេញទៅប្រកួតរៀងៗខ្លួន ខណៈដែលក្រុមហ៊ុនបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ក្នុងន័យបង្កឱកាសងាយស្រួលដល់បេក្ខជន-បេក្ខនារី​ ក្នុងការដណ្ដើមយកជយលាភី មកជូនប្រទេសជាតិមាតុភូមិវិញ។

ដោយឡែកងាយមកបេក្ខជន-បេក្ខនារីទាំង៧រូបវិញ ក៏បានសម្ដែងក្ដីរីករាយព្រមៗគ្នា នៅពេលដែលខ្លួនត្រូវបានជ្រើសរើសតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ​ ដោយពួកគេបាន​នាំយកនូវម៉ូដសម្លៀកបំពាក់ ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងប្រពៃណីវប្បធម៌ខ្មែរមួយចំនួនទៀត ដើម្បីបង្ហាញជូនដល់អន្តរជាតិបានស្គាល់​ នៅក្នុងកម្មវិធី។ ពួកគេម្នាក់ៗបានតាំងចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីនាំយកជយលាភី មកកាន់ប្រទេសជាតិរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា បេក្ខជន-បេក្ខនារី តំណាងឲ្យប្រទេសកម្ពុជា ​ចេញទៅប្រកួតសម្រស់ នៅលើឆាកអន្តរជាតិទាំង៧រូបនោះ រួមមាន៖

ទី១, កញ្ញា សំណាង អេលីណា កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស កូរ៉េខាងត្បូង។

ទី២,​ កញ្ញា ថោង ម៉ាឡា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ​២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។

ទី៣, កញ្ញា ចន សុទីម៉ា កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ម៉ាឡេស៊ី។

ទី៤, កញ្ញា ប៉ូ គីមថេងសុធីតា កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេស ហ្វីលីពីន។

ទី៥, កញ្ញា បុណ្យ កញ្ចនធីតា កញ្ញាឯកអន្តរជាតិកម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងប្រទេសជប៉ុន។ ​

ទី៦, កញ្ញា គង់ សុជាតា កញ្ញាឯក Asia Awards កម្ពុជាឆ្នាំ២០១៩ ចេញទៅប្រកួតក្នុងវៀតណាម។

ទី៧, លោក ទ្រី តារាវុធ កម្មវិធី Man Of The Year Cambodia 2019 ចេញទៅប្រកួតក្នុងប្រទេស មីយ៉ាន់ម៉ា៕