(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន China Sports International Co., Ltd (CISIC) ដែលជាក្រុមកីឡាអន្ដរជាតិដ៏ធំរបស់ចិន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងរៀបចំផែនការដ៏ច្បាស់លាស់ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

ការបង្ហាញសុទិដ្ឋិនិយមនេះ ស្របពេលលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC អនុញ្ញាតឲ្យលោក Lu Guoguang នាយកចាត់ការទូទៅក្រុមហ៊ុន CSIC និងសមាជិកចូលជួបសំណេះសំណាល និងពិភាក្សាការងារនៅអគារ NOCC កាលពីល្ងាចមិញ ហើយភាគីទាំងពីរ បានជជែក និងផ្លាស់ប្ដូរបទពិសោធន៍ជាច្រើន ពាក់ព័ន្ធការៀបចំព្រឹត្តិការណ៍កីឡា និងអភិវឌ្ឍន៍ធនធានមនុស្សទៀតផង។

លោកបណ្ឌិត ថោង ខុន បានថ្លែងថា «កម្ពុជាពុំធ្លាប់ធ្វើម្ចាស់ស៊ីហ្គេមនោះទេ តែកម្ពុជាកំពុងសម្រួចផែនការមេ ដើម្បីជំរុញព្រឹត្តិការណ៍នេះឆ្ពោះទៅរកភាពជោគជ័យ។ កម្ពុជាត្រូវការរៀនសូត្រពីប្រទេស និងក្រុមហ៊ុនមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍កីឡាធំៗជាចាំបាច់ ដើម្បីទទួលបានលទ្ធផលល្អ ប្រកបដោយទំនួលខុសត្រូវ ក្នុងនាមជាម្ចាស់ផ្ទះតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

ចំណែកហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាមាន ហើយធនធានមនុស្ស កម្ពុជាក៏កំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងពង្រឹងបន្ថែម តាមរយៈការបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់រយៈពេលវែងនៅក្រៅប្រទេសជាច្រើន ពិសេសសាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះលោករំពឹងក្រុមហ៊ុន CSIC នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការខាងលើ ដើម្បីរួមចំណែកឆ្ពោះទៅរកភាពជោគជ័យជាមួយកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយបានស្ដាប់អំពីដំណើរការ និងផែនការឆ្ពោះទៅស៊ីហ្គេម លោក Lu Guoguang អ្នកជំនាញរៀបចំព្រឹត្តិការណ៍កីឡាអន្ដរជាតិធំៗ បានសម្ដែងការភ្ញាក់ផ្អើល ចំពោះផែនការកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ធ្វើម្ចាស់ផ្ទះ តែកម្ពុជាកំពុងដើរលើផ្លូវវិជ្ជមានឆ្ពោះទៅរកភាពជោគជ័យ។ លោកថា ការធ្វើម្ចាស់ផ្ទះ មិនផ្ដោតតែលទ្ធផល ឬការប្រកួតនោះទេ សំខាន់មុខមាត់ជាតិ និងការគ្រប់គ្រងក្រោយចប់ព្រឹត្តិការណ៍។ ប៉ុន្ដែចំណុចទាំងនេះ កម្ពុជាមានផែនការរួចជាស្រេច។

ហេតុនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា និងចិន មានចំណងមិត្តភាពល្អជាមួយគ្នា ក្រុមហ៊ុន CSIC បានត្រៀមខ្លួនជាសម្រេច ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋាភិបាលរបស់ខ្លួន។ លោកសន្យានឹងពាំនាំរាល់សំណើរកម្ពុជា រាយការណ៍ដល់រដ្ឋាភិបាលចិន ដូចជាការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីជាដើម តែមន្ដ្រីបច្ចេកទេសរៀបចំព្រឹត្តិការណ៍ ក្រុមហ៊ុនខ្លួនបានបើកទ្វារជានិច្ច ដើម្បីជួយកម្ពុជា។

គួរបញ្ជាក់ថា មុនជួបសំណេះសំណាលជាមួយលោកបណ្ឌិត ថោង ខុន នៅព្រឹកថ្ងៃដដែលកាលពីម្សិលមិញ ប្រតិភូ និងថ្នាក់ដឹកនាំក្រុមហ៊ុន CSIC ក៏បានជួបជជែកការងារជាច្រើន ជាមួយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ផងដែរ ហើយបានសម្រេចនូវផ្លែផ្កាមួយចំនួនធំ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏បានឯកភាពនឹងបន្ដធ្វើការជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា ទទួលបានជោគជ័យ ទាំងលទ្ធផល និងកិត្តិយសជាតិ៕