(ក្រុងឡុងដ៍)៖ ការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ក្រុមតោកំណាចអង់គ្លេសបានប្រើពេលត្រឹមតែ ៣៧នាទីប៉ុណ្ណោះ ពោលគឺចាប់ពីនាទីទី៨មក ក្នុងការរកបាន ៥គ្រាប់វាយបកឈ្នះកូសូវ៉ូក្នុងលទ្ធផលផ្លូវការ ៥-៣ នៃវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020។

អង់គ្លេសបានបើកការវាយសម្រុកដូចទឹកបាក់ទំនប់ ក្រោយពេលកីឡាករ Berisha រកបានគ្រាប់នាំមុខឲ្យកូសូវ៉ូ ត្រឹមចាប់ផ្តើមលេងបាន ១នាទីប៉ុណ្ណោះពីការធ្វើបានសម្រេចរបស់កីឡាករ Raheem Sterling នៅនាទីទី៨ Harry Kane នៅនាទី១៩ និងគ្រាប់ Own goal របស់ខ្សែការពារ Vojvoda នៅនាទី៣៨ និងកីឡាករវ័យក្មេង Jadon Sancho រកបាន ២គ្រាប់នៅនាទី៤៤ និងនាទី៤៥+១។

គិតត្រឹមពេលនេះ អង់គ្លេស រកបាន ១២ពិន្ទុលេង ៤ប្រកួតក្នុងពូល A ឈ្នះ ១០០% ឈរលើកំពូលតារាងបណ្តោះអាសន្ន ជាមួយនឹងការស៊ុតបញ្ចូលទីគូប្រកួតបាន ១៩គ្រាប់ និងរបូតវិញតែ ៤គ្រាប់ប៉ុណ្ណោះ តាមពីក្រោយដោយក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ដែលមាន ៩ពិន្ទុ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះម៉ុងតេណេក្រូ ៣-០ និងប៊ុលការី បន្តឈរនៅបាតតារាង មានតែ ២ពិន្ទុស្មើគ្នាជាមួយម៉ុងតេណេក្រូ ដែលបញ្ចប់ដោយ ៥ប្រកួតដូចគ្នា៕