(ភ្នំពេញ)៖ បន្ទាប់ពីស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ទីបំផុតស្នេហាអ្នកនាង ស៊ឹម សូលីកា និងលោក អេង ឫទ្ធី ដែលមានឈ្មោះពិតថា «ម៉ែន អេង» បានឈានដល់ថ្ងៃចូលរោង ការសំពះផ្ទឹមតាមប្រពៃណៃខ្មែរហើយ។ ក្នុងពិធីជ័យមង្គលរបស់ពិធីករប្រុសស្រីទាំងពីររូប ត្រូវបានមហាជនសង្កេតឃើញថា មានការចូលរួមពីសាច់ញាតិទាំងសងខាង ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន រឹងតែធ្វើឲ្យពិធីទាំងមូល មានភាពអធឹកអធមកាន់តែខ្លាំង។

អ្នកនាង ស៊ឹម សូលីកា និងលោក អេង ឫទ្ធី បានសម្រេចជ្រើសរើសយកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃសិរីសួស្តីជ័យមង្គលរបស់ខ្លួន។ ទន្ទឹមគ្នានេះ បើក្រឡេកមើលការរៀបចំនៅបរិវេណពិធីវិញ គឺពិតជាស្អាត ជាមួយនឹងការតុបតែងយ៉ាងទាក់ទាញ ជាពិសេសសម្រស់របស់កូនស្រមុំកំលោះវិញ គឺមានភាពស្រស់ស្អាត ជាមួយនឹងទឹកមុខញញឹកបិទមាត់មិនជិះតែម្តង។ រឹងតែពិសេស ជាមួយនឹងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសក៏ច្រើនកុំករ​ ខណៈសារជូនពរ​ និងចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី លើបណ្តាញសង្គមក៏មានយ៉ាងច្រើនហូរហែរជាបន្តបន្ទាប់។

ជាក់ស្តែងនៅក្នុងទិដ្ឋភាពសូត្រមន្ត កាលពីម្សិលមិញនេះ ឃើញថាតារាស្រីរូបនេះបង្ហាញខ្លួន តុបតែងយ៉ាងស្រស់សោភា នៅក្នុងឈុតបែបប្រពៃណីបុរាណ យ៉ាងស័ក្តិសមបំផុតជាមួយនឹងស្វាមីជាទីស្រឡាញ់ នៅក្នុងកម្មវិធីដ៏អធឹកអធមមួយនេះរបស់អ្នកទាំងពីរ៕