(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់នៃលីគកំពូលអង់គ្លេស Premier League 2019-2020 នឹងត្រឡប់មកវិញសប្តាហ៍ នេះ ក្នុងនាមលោក Sánchez Flores ដែលទើប​បានតែងតាំងជាគ្រូបង្វឹកសារជាថ្មីម្តងទៀតរបស់ក្លឹប Watford FC ដោយត្រូវបើកទ្វារកីឡដ្ឋាន Vicarage Road ទទួលក្រុមភ្ញៀវ Arsenal នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

បុរសវ័យ ៥៤ឆ្នាំ Sánchez Flores ដែលត្រូវបានប្រធានក្លឹប Watford FC លោក Scott Duxbury ប្រកាសតែងតាំងក្រោយពីបានបញ្ចប់តំណែងលោក Javi Gracia ដែលបានដឹកនាំក្រុមចាញ់៣ និងស្មើ១ប្រកួត ឈរនៅបាតតារាង Premier League នោះ គ្រាដែលលោក Sanchez ក៏ជាអតីតគ្រូបង្វឹកធ្លាប់​បានដឹកនាំក្រុមនេះក្នុងរដូវកាលឆ្នាំ២០១៥-១៦ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ និងដឹកនាំ Watford ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ទៀតផង។

ការប្រកួតរវាងក្រុម Watford ដែលត្រូវប្រជែងរក ៣ពិន្ទុជាមួយ Arsenal ជើងទី១ ក្នុងសប្តាហ៍ទី៥ ក៏នឹងអវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Deeney ផងដែរ ដោយកំពុងមានបញ្ហារបួស ហើយនេះក៏ជាការប្រកួតសងសឹករបស់ Watford ដោយចាញ់ទាំងពីរជើងការពីរដូវកាលមុនទៀតផង៕