(ញូវយ៉ក)៖ កីឡាករវាយកូនបាល់ទោល Rafael Nadal បានគ្រប់គ្រងពានរង្វាន់កម្រិតពិភពលោក US Open 2019 នៅសហរដ្ឋអាមេរិក ក្រោយឈ្នះគូប្រជែង Daniil Medvedev ដែលអូសបន្លាយដល់ទៅ ៥សិតក្នុង ៣-២ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

បុរសវ័យ ៣៣ឆ្នាំសញ្ជាតិអេស្ប៉ាញ Nadal បានបន្តកំណត់ត្រាឈ្នះកម្រិតពិភពលោក US Open ជាលើកទី៤ ក្នុងអាជីព ក្រោយយកឈ្នះ Daniil Medvedev វ័យ ២៣ឆ្នាំរបស់រុស្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រក្នុងលំដាប់ពិន្ទុ ៧-៥ ៦-៣ ៥-៧ ៤-៦ និង ៦-៤។

តាមរយៈជ័យជម្នះនេះដែរបានធ្វើឲ្យកីឡាករចាស់វស្សា Nadal ឈ្នះពានកម្រិតពិភពលោកសរុបទាំងអស់ ១៩គ្រឿងមកហើយក្នុងក្របខណ្ឌ Grand Slam រួមមានពាន US Open, French Open, Australian Open និង Wimbledon តាមពីក្រោយកីឡាករជើងខ្លាំងរបស់ស្វីស Roger Federer ដែលឈ្នះបានច្រើនជាងគេចំនួន ២០ដង៕