(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី សំឡេងផ្អែម កញ្ញា ឈិត សុវណ្ណបញ្ញា បានបញ្ចេញនូវបទចម្រៀង របស់ខ្លួនមួយបទដែលមានចំណងជើងថា «Crush» ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាងពីសំណាក់ទស្សនិកជន ។ យ៉ាងណាមិញ ចំពោះបទថ្មីនេះ មិនត្រឹមតែមានអត្ថន័យ ក៏ដូចជាការបកស្រាយបានពីរោះ ស៊ីជម្រៅនោះទេ ថែមទាំងមានទេសភាពដ៏ស្រស់ត្រកាល ដែលផ្ដិតចេញទឹកដី កោះម៉ាល់ឌីវ ទៀតផង។

ជាការពិត បទចម្រៀងដែលមានចំណងថា «Crush» កំពុងតែឆក់បាននការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមិត្តយុវវ័យផ្ទាល់តែម្ដង ពោលគឺអត្ថន័យ ដ៏ដូចជាខ្លឹមសារនៃបទចម្រៀងទាំងមូល គឺបានរៀបរាប់ពីនារីម្នាក់ ដែលមានចិត្តស្រលាញ់ ទៅលើបុរសម្នាក់ទៀត តែគ្មានចិត្តក្លាហានសារភាព ហើយចិត្ត ចេះតែនឹកគេ និងចេះតែចង់ជួបមុខគេគ្រប់ពេលវេលា ចង់សារភាពប្រាប់ថាស្រលាញ់ ប៉ុន្តែបានត្រឹមតែលាក់ស្នេហ៍ក្នុងចិត្ត។

យ៉ាងណាមិញ នេះជាអត្ថន័យខ្លះៗ នៅក្នុងបទចម្រៀងដែលជាបទថ្មី របស់តារាចម្រៀងឈិត សុវណ្ណបញ្ញា ទស្សនិកជនស្ដាប់ហើយពិតជាមានអារម្មណ៍ថា មានក្ដីសុខ ទៅតាមបទចម្រៀង បើទោះបីជាស្រលាញ់គេតែម្នាក់ឯង ទាំងគេមិនដឹងខ្លួន តែពេលបាននៅក្បែរគេ ក៏មានអារម្មណ៍ថា ពិតជាមានក្ដីសុខដែរ។

ជាមួយគ្នានេះ មិនត្រឹមតែមានអត្ថន័យចាក់ដោតដល់អ្នកស្ដាប់នោះទេ ថែមទាំងមានMV ពោរពេញទៅដោយទេសភាពស្រស់ស្អាត លេចចេញឆ្នេរខ្សាច់សរ ឆ្លុះទឹកសមុទ្រដ៏ខៀវស្រងាត់ ពីកោះម៉ាល់ឌីវ ហើយអ្វីដែលកាន់តែប្លែកទៀតនោះ គឺស្រីស្អាតឈិត សុវណ្ណបញ្ញា តុបតែងខ្លួនជានាងមច្ឆា ទៀតផង ក្នុងបទចម្រៀងមួយនេះ។

ដោយឡែក កាលពីម្សិលមិញ គឺជាថ្ងៃខួបកំណើតរបស់ស្រីស្អាត ឈិត សុវណ្ណបញ្ញា ដូច្នេះក៏មានអ្នកគាំទ្ររបស់នាង បានចែកចាយបទចម្រៀងថ្មីរបស់ស្រីស្អាតរូបនេះ និងបានផ្ញើសារជូនពរ ក្នុងថ្ងៃខួបកំណើតដល់នាងយ៉ាងច្រើនផងដែរ៕