(ក្រុងខាឌីស)៖ កីឡាករខ្សែប្រយុទ្ធ Gareth Bale រកបាន ១គ្រាប់នៅនាទីចុងក្រោយជួយក្រុមជម្រើសជាតិវ៉េល រកបាន ៣ពិន្ទុក្នុងទឹកដី តាមរយៈយកឈ្នះក្រុមភ្ញៀវអាហ្សឺបៃហ្សង់ ២-១ ក្នុងវគ្គជម្រុះជើងឯកអឺរ៉ុប UEFA Euro 2020 ប្រចាំពូល E។

១គ្រាប់ជ័យជម្នះរបស់កីឡាករពាក់លេខ១១ មកពីក្លឹប Real Madrid ខាងលើនេះបានកើតឡើងនៅនាទីទី៨៤ ពីការតែតបញ្ចូលទីបាន បន្ទាប់ពីត្រូវបានកីឡាករ Emreli រកបានគ្រាប់តាមស្មើឲ្យក្រុមភ្ញៀវអាហ្សឺបៃហ្សង់នៅនាទីទី៥៨ និងមិត្តរួមជាតិរបស់គេ ដែលជាខ្សែការពារ Pashayev បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី២៦ នោះ។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យវ៉េល ឈរនៅលេខរៀងទី៣ បណ្តោះអាសន្នក្នុងពូល E ដោយមាន៦ពិន្ទុស្មើក្រុម ស្លូវ៉ាគីដែលបានចាញ់ក្រូអាត ៤-០ ស្ពឹកមុខយប់មិញនេះ ដើម្បីទទួលបាន ៩ពិន្ទុស្មើក្រុមកំពូលតារាងហុងគ្រីផងដែរ។

គួរបញ្ជាក់ផងថា នេះជាជ័យជម្នះលើកទី៦ ក្នុងការដឹកនាំប្រកួតចំនួន ១៣លើករបស់អ្នកចាត់ការទូទៅ Ryan Giggs គ្រាដែលអ្នកចាត់ការរូបនេះដាក់គោលដៅឈ្នះរហូត ដើម្បីឈ្នះកៅអីទៅលេង Euro ជុំផ្តាច់ព្រ័ត្រពាក់កណ្តាលឆ្នាំក្រោយ ក្នុងនាមជាក្រុមធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល Euro 2016 នៅប្រទេសបារាំង ដោយចាញ់ក្រុម ជើងឯកព័រទុយហ្គាល់ ២-០៕