(ក្រុងម៉ូនិច)៖ ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានចាញ់ស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុមភ្ញៀវទឹកក្រូចហូឡង់ ក្នុងលទ្ធផលផ្លូវការ ២-៤ នៃវគ្គជម្រុះ UEFA Euro 2020 នាយប់មិញនេះ បន្ទាប់ពីម្ចាស់ផ្ទះបានធ្វើការនាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១ មកម្ល៉េះ។

ការប្រកួតលើកទី៤ ក្នុងវគ្គសន្សំពិន្ទុនៃពូល C ក្នុងការប្រជែងយកកៅអី ដើម្បីទៅលេងក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ឆ្នាំក្រោយនេះ កីឡាករ Gnabry ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះឲ្យអាល្លឹម៉ង់នៅនាទីទី៩ សម្រាប់វគ្គទី១ រយៈពេល ៤៥នាទី មុនពេលកីឡាករវ័យក្មេង De Jong ដែលចាកចេញពីក្លឹប Ajax ទៅចូលរួមជាមួយ FC Barcelona រកបានគ្រាប់តាមស្មើឲ្យហូឡង់វិញនៅនាទី៥៩ និងបើកផ្លូវឲ្យក្រុមទឹកក្រូចនាំមុខ ២-១ ទៀត ពីការធ្វេសប្រហែសចូលទី ខ្លួនឯងរបស់ខ្សែការពារ Tah នៅនាទី៦៦ រួមជាមួយ Malen រកបាន ១គ្រាប់នៅនាទី៧៩ និងខ្សែបម្រើមកពីក្លឹប Liverpool, Wijnaldum រកបានគ្រាប់ទី៤ នៅនាទី៩០+១។

យ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើមកពីក្លឹប Real Madrid, Toni Kroos រកបាន ១គ្រាប់ប៉េណាល់ទីផងដែរនៅនាទី ៧៣។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យហូឡង់បញ្ចប់កំណត់ត្រាលេងមិនឈ្នះអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ២០០២ មក និងធ្វើឲ្យក្រុមរបស់លោក Joachim Low ខកខានឡើងទៅឈរនៅកំពូលនៃពូល C បណ្តោះអាសន្នផងដែរ ដោយបន្ត ឈរនៅលេខ២ ដដែលមាន ៩ពិន្ទុ ហូឡង់លេខ៣ មាន៦ពិន្ទុ និងអៀរឡង់ខាងជើងបន្តឈរនៅកំពូលតារាងដដែល ក្រោយឆ្លងកាត់ ៤ប្រកួត រកបាន ១២ពិន្ទុពេញនោះ៕