(ភ្នំពេញ)៖ ពិតជាគួរឲ្យអាសូរ និងសង្វេគជាពន់ពេក ដល់តារាកំប្លែងនិងសម្ដែង នាយក្រិប ខណៈអ្នកម្ដាយជាទីគោរព និងបងស្រីជាទីស្រលាញ់ ទទួលមរណភាពមិនទាន់នឹងបានប្រារព្ធពិធីបុណ្យ១០០ថ្ងៃផង ស្រាប់តែពេលនេះ លោកនិងគ្រួសារ មានទុក្ខជាទម្ងន់ និងកាន់តែក្រៀមក្រំខ្លាំងថែមទៀត ដោយឪពុករបស់លោក បានទទួលមរណភាពម្នាក់ទៀត គឺពិតជារឿងមួយដ៏គួរឲ្យអាសូរ និងក្រៀមក្រំជាទីបំផុត សម្រាប់គ្រួសាររបស់នាយក្រិប ដែលបាត់បង់សមាជិកគ្រួសារដល់ទៅ៣អ្នក ក្នុងពេលដ៏ខ្លី។

យោងតាមហ្វេសប៊ុក របស់លោក ប៉ែន ចំរ៉ុង បានសរសេរនូវសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនាយ ក្រិប ថា៖ «ខ្ញុំនាមខ្ញុំបាទជាសិល្បករមួយរូប ពិតជាមាន​អារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនាយក្រិប ដែលពិតជាពិបាកទទួលយកណាស់ បងស្រីទើបស្លាប់ ម្តាយក៏ស្លាប់ទៀតធ្វើបុណ្យ ១០០ថ្ងៃ មិនទាន់ចប់ស្រួលបួលផង ឪពុកក៏ស្លាប់ទៀត ថែមទាំងឥឡូវគ្នាកំពុងទីទ័លក្រទៀត សពទុកនៅផ្ទះគ្មានលុយជួលមេក្រូ អាចារ្យ និងថវិកាចាត់ចែងពិធីបុណ្យសពទេ សូមបងប្អូនអ្នកសិល្បៈនិងទស្សនិកជន ពិសេសគឺលោកស្រីប្រធានសមាគមសិល្បករខ្មែរ បងស្រីចន ច័ន្ទលក្ខិណា មេត្តាចូលរួមជួយ​គាត់តាមសុទ្ធាជ្រះថ្លា»

ទាំងទស្សនិកជន ទាំងអ្នកសិល្បៈ បានសម្ដែងនូវទុក្ខក្រៀមក្រំ និងបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនាយ ក្រិប ដែលបាត់បង់អ្នកមានគុណទាំងពីរ និងមនុស្សជាទីស្រលាញ់ ដែលជាបងស្រីផងដែរ៕