(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករមានឈ្មោះមួយរូបក្នុងស្រទាប់សិល្បៈ គឺលោក អ៊ុន សុធា ត្រូវបានគេសម្គាល់ឃើញថា លោកនៅតែមានទីផ្សារខ្ពស់ នៅក្នុងស្រទាប់សិល្បៈ យ៉ាងណាមិញ តាមរយៈប្រជាប្រិយភាព និងទេពកោសល្យសិល្បៈ បានធ្វើឲ្យលោកទទួលបាននូវពានរង្វាន់ជាច្រើន ស្ទើរមិនគួរឲ្យជឿ។ ជាក់ស្ដែងថ្មីៗ លោក អ៊ុន សុធា បានបង្ហាញឲ្យប្រិយមិត្តទស្សនិកជនបានឃើញ នូវពានរង្វាន់ដែលខ្លួនធ្លាប់ទទួលបាន តាំងពីប្រឡូកចូលក្នុងវិថីសិល្បៈ។

ជាការពិតណាស់ តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលលោក អ៊ុន សុធា បានបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួន បង្ហាញពីពានរង្វាន់ជាច្រើន ដែលរូបលោកធ្លាប់ទទួលបានតាំងពីពេលដែលតារាប្រុសរូបនេះ បានប្រឡូកចូលក្នុងវិថីសិល្បៈមក ហើយអ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ក្នុងចំណោមពានដែលលោកទទួលបាន គឺមានពានរង្វាន់ប្រកួតប្រជែង នៅក្រៅស្រុកថែមទៀតផង។

នេះជាមោទនភាពមួយ សម្រាប់លោក អ៊ុន សុធា ក្នុងការសាងកេរ្តិ៍ឈ្មោះ ក្នុងសិល្បៈ រហូតទទួលបាននូវពានរង្វាន់កិត្តិយសជាច្រើន គឺពិតជាគួរឲ្យស្ងប់ស្ងែង និងកោតសរសើរ។ ជាមួយគ្នានេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជាច្រើន បានសម្ដែងនូវក្ដីកោតសរសើរ ចំពោះទេពកោសល្យ របស់តារាប្រុស អ៊ុន សុធា និងការតស៊ូក្នុងវិស័យសិល្បៈរបស់លោក រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ។

គួរជម្រាបថា លោក អ៊ុន សុធា គឺជាតារាសម្ដែងប្រុសជួរមុខ ដែលបានប្រឡូកក្នុងសិល្បៈ រយៈពេលជាច្រើនឆ្នាំរួចមកហើយ។ លោកជាតារាសម្ដែង ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការសម្ដែងក្នុងខ្សែភាពយន្តផ្សេងៗ៕