(ភ្នំពេញ)៖ អ្នកនាង នៅ សូនីតា បានលេចមុខ ក្នុងខ្សែភាពយន្តភាគថ្មី បែបមនោសញ្ចេតនាស្នេហាស៊ីជម្រៅ ដែលជាស្នាដៃនិពន្ធ របស់អ្នកនិពន្ធភាពយន្តល្បីឈ្មោះ អ្នកស្រី ពាន់ភួងបុប្ផា គឺរឿង «រ៉ៃមាស» ។ ក្នុងសាច់រឿងមួយនេះ នាងត្រូវសម្ដែងជាតួអង្គនាងរៃមាស ដែលសម្តែងវ័យ​ជាយុវវ័យផង វ័យកណ្តាលផង និងវ័យចំណាស់ផង ខណៈកន្លងមក ទស្សនិកជន ធ្លាប់តែឃើញនាង សម្ដែងជាតួអង្គដែលមានចរិតបែបយុវវ័យ មួយបែបៗ ប៉ុណ្ណោះទៅតាមសាច់រឿងដែលអ្នកដឹកនាំដាក់ឲ្យសម្ដែង។

អ្នកម្ដាយកូនមួយ អ្នកនាង នៅ សូនីតា បានថ្លែងថា ក្នុងរឿង «រ៉ៃមាស» ជាសាច់រឿងបែបមនោសញ្ចេតនាស្នេហាមួយ ឆ្លុះបញ្ជាំងពីតថភាពក្នុងសង្គមនាពេលបច្ចុប្បន្ន បង្ហាញជីវិតស្នេហាយុវវ័យ ដែលរត់ចុះចោលផ្ទះ ទៅតាមគូសង្សារ ដែលស្រលាញ់គ្នា ប៉ុន្តែក៏ត្រូវបានសង្សាបោះបង់ចោលវិញ រហូតជីវិតជួបស្នេហាថ្មី និងក្លាយជាតារាចម្រៀងល្បីឈ្មោះ។ នាងថា ក្នុងរឿងនេះ នាងសម្តែងជាតួអង្គនាងរៃមាស ដែលត្រូវសម្ដែងជាតួអង្គ ត្រូវបត់បែនទៅតាមវ័យ៣ផ្សេងគ្នា ព្រោះជារឿងដែលប្រើប្រាស់សំឡេងផ្ទាល់ ពោលសម្តែងវ័យជាយុវវ័យផង វ័យកណ្តាលផង និងវ័យចំណាស់ផង ដូច្នេះសំឡេងក៏ត្រូវប្រើប្រាស់ឲ្យត្រូវទៅតាមវ័យតួអង្គ។

ជាមួយគ្នានេះ ស្រីស្អាតនៅ សូនីតា ក៏បានស្នើឲ្យទស្សនិកជន មានការចូលរួមគាំទ្រលើស្នាដៃភាពយន្តភាគខ្មែរ ថ្មីមួយនេះ ដែលត្រៀមចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Town Full HD នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

ដោយឡែក សម្រាប់អ្នកនិពន្ធរឿងនេះផ្ទាល់ អ្នកស្រីពាន់ ភួងបុប្ផា ក៏បានលើកឡើងថា ភាពយន្តថ្មីរបស់ខ្លួនមួយនេះ អាចនឹងទាក់ចិត្តអ្នកទស្សនាបានច្រើន​ស្របពេលដែលភាពយន្តថ្មី ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម បង្ហាញពីរឿងរ៉ាវគ្រួសារ និងស្នេហាដ៏ស្មុគស្មាញ និងបានឆ្លុះបញ្ចាំងពីបញ្ហា ដែលគ្រួសារមួយចំនួនក្នុងសង្គមបច្ចុប្បន្ន កំពុងជួបប្រទះ។

គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «រ៉ៃមាស» មានការចូលរួមសម្តែង ដោយតារាសម្តែងប្រុសស្រីល្បី ឈ្មោះជាច្រើនមានដូចជា លោក យ៉ែម សំអូន អ្នកនាង នៅ សូនីតា លោក អ៊ុន សុធា កញ្ញា ឌុច លីដា និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបនេះ៕