(ភ្នំពេញ)៖ ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី ក្នុងពូល C បានបញ្ចប់ទៅនៅពហុកីឡដ្ឋានជាតិ ដែលបានឃើញថា ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិ ហុងកុង លទ្ធផល ១ ទល់នឹង ១ ក្រោមក្រសែភ្នែកនៃអ្នកទស្សនា ៤៩,៨៥០នាក់។

កីឡាកររបស់ក្លឹបបឹងកេត ១រូប គឺខ្សែការពារ សេត រ៉ស៊ីប ត្រូវបានគ្រូបង្វឹកជ្រើសចូលក្នុងជម្រើស ១១នាក់ដំបូង និងបង្ហាញសមត្ថភាពលើទីលានពេញ ៩០នាទីនៃការប្រកួត ដោយក្នុងនោះមានលទ្ធភាពអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុម កីឡាករ កែវ សុខផេង ទាត់បញ្ចូលទី តាមស្មើ ហុងកុង បានវិញ នៅនាទី៣៣ នៃការប្រកួត។

អ្វីដែលសំខាន់បន្ថែមទៀតនោះ ក្រៅពី រ៉ស៊ីប បឹងកេតក៏នៅមានកីឡាករមួយរូបទៀតផងដែរ គឺខ្សែការពារ ទេស សម្បត្តិ (វ័យ១៩ឆ្នាំ) ដែលជាប់ក្នុងបញ្ជីឈ្មោះកីឡាករ ២៣រូបចុងក្រោយសម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup ពីរប្រកួតដំបូងនេះ។

គួរដឹងដែរថា ក្រោយចប់ការប្រកួត រ៉ស៊ីប បាននិយាយអំពីអារម្មណ៍របស់ខ្លួនថា៖ «ពេលដើរចូលទីលានឃើញអ្នកគាំទ្រច្រើន មានអារម្មណ៍ថាភ័យខ្លាំងមែនទែន ព្រោះខ្ញុំគិតទុកថា បើពេលលេងទៅលេងអត់បានល្អ ខ្លាចតែគេថាឱ្យ បន្ទាប់មកក៏គិតឡើងវិញថា ខ្ញុំត្រូវតែលេង ព្រោះគ្រូដាក់ឱ្យលេងហើយ មានតែលេងតាមអ្វីដែលគ្រូចង់បាន ហើយអ្វីដែលសំខាន់បំផុតនោះ គឺដើម្បីជាតិរបស់ខ្ញុំ»

កីឡាករវ័យ ២២ឆ្នាំរូបនេះក៏បានតាំងចិត្តថា ខ្លួននឹងកាន់តែខំប្រឹងជាងនេះទៅទៀត ប្រសិនមានឱកាសដែលគ្រូដាក់ឱ្យលេងនៅប្រកួតក្រោយៗ ដើម្បីធ្វើយ៉ាងណាជួយក្រុមទទួលបានលទ្ធផលល្អនិង ជូនអ្នកគាំទ្រ។

សូមបញ្ជាក់ផងដែរថា ក្រោយស្មើគ្នាជាមួយហុងកុង ១-១ នេះ កម្ពុជា នឹងត្រូវបន្តជួបជាមួយ បារ៉ែន នៅថ្ងៃទី ១០ ខែកញ្ញា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ដែលជាជំនួបទីពីរក្នុងពូល C នៃការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ី៕