(ភ្នំពេញ)៖ កម្ពុជាបានបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួនជាច្រើន​រូប ទៅប្រកួតប្រជែងសម្រស់​ និងសមត្ថភាពនៅកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនមកហើយ តែ​សម្រាប់កម្មវិធីមួយមានឈ្មោះថា «Miss Word» ត្រូវបានទស្សនិកជនសង្កេតឃើញថា កម្ពុជាមិនធ្លាប់ចូលរួមពីមុនមកទេ។ តែយ៉ាងណា ដោយសារថ្មីៗនេះ​កម្ពុជាទើបតែទិញសិទ្ធចូលរួមប្រកួតក្នុងកម្មវិធីនេះបាន​ ទើបក្រុមការងារ «Miss World Cambodia» ប្រកាសជ្រើសរើសបក្ខនារីកម្ពុជាឲ្យចូលរួមប្រកួតក្នុងប្រទេស​​ ដើម្បីជម្រុះយកអ្នកមានសមត្ថភាពទៅប្រកួតនៅអង់គ្លេសសម្រាប់ឆ្នាំ២០១៩នេះ។​

ជាក់បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ «Miss World Cambodia» បានឲ្យដឹងថា កម្មវិធីប្រកួត MISS WORLD CAMBODIA 2019 បាននឹងកំពុងចាប់ផ្តើមស្វែងរកសុភាពនារីកម្ពុជាដែលមានសម្ថភាព សូមអញ្ជើញ ចូលរួមដាក់ពាក្យ ដើម្បីប្រកួតប្រជែងទទួលយកជ័យលាភី តំណាងបេក្ខភាពកម្ពុជា ក្នុងកម្មវិធីប្រកួត MISS WORLD 2019 នៅចក្រភពអង់គ្លេស។

អ្នកមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូបសង្ខេប និងរូបថត ១ជំហរ ថតថ្មី ១សន្លឹក មកកាន់ FACEBOOK FAN PAGE / Miss World - Cambodia ចាប់ពីថ្ងៃនេះតទៅ! ផុតកំណត់ដាក់ពាក្យ ថ្ងៃទី ១២ តុលា ២០១៩​។ ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យ​ គឺ​ជាជនជាតិខ្មែរ សញ្ជាតិអ្វីក៏បាន អាយុចាប់ពី ១៨ឆ្នាំ - ២៥ឆ្នាំ និងកម្ពស់ចាប់ពី ១៦៥cm ឡើងទៅ។

យ៉ាងណាមិញ សម្រាប់កម្មវិធីនេះ ត្រូវបានអ្នករៀបចំសមស្រេចថា ក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ពុំមានការបង្ហាញ ឬការប្រកួតឈុតហែលទឹកនោះទេ៕