(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួត រវាងក្រុមជម្រើសជាតិ កម្ពុជា និងក្រុមជម្រើសជាតិបារ៉ែន ហើយ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ ខណៈការប្រកួតនឹងធ្វើឡើងនាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញាសប្ដាហ៍ក្រោយ នៅលើទីលានពហុកីឡដ្ឋានជាតិ។

ការប្រកាសលក់សំបុត្រនេះដែរ ធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា ប្រកួតស្មើក្រុមហុងកុង ១-១ កាលពីយប់មិញ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺសំបុត្រ​ចូលទស្សនាជំនួបបើកឆាកពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 រវាងកម្ពុជា និងហុងកុងនេះ បានលក់អស់មុនការប្រកួត ៦ម៉ោង គ្រាដែលអ្នកគាំទ្រជាក់ស្ដែង ត្រូវបានគេប្រមាណលើសពី ៥ម៉ឺននាក់ឯណោះ។

ដោយហេតុនេះ សំបុត្រចូលទស្សនាការប្រកួតរវាងកម្ពុជា និងបារ៉ែន នាថ្ងៃទី១០ ខែកញ្ញា ក៏ត្រូវបានគេរំពឹងថា នឹងលក់អស់ដូចគ្នា។ ចំពោះតម្លៃសំបុត្រវិញ គឺរក្សានៅដដែល ដោយសំបុត្រ VIP នៅតែមានកៅអី និងដំបូលមានតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាមានតម្លៃ ៥,០០០រៀល។

សូមបញ្ជាក់ថា ចំពោះកម្ពុជា និងបារ៉ែន បាននឹងកំពុងកាន់ ១ពិន្ទុស្មើគ្នាក្នុងដៃ ក្រោយប្រកួតស្មើក្រុមភ្ញៀវរៀងៗខ្លួន កាលពីយប់មិញ ពោលគឺកម្ពុជា ប្រកួតស្មើហុងកុង និងបារ៉ែន ប្រកួតស្មើអ៊ីរ៉ាក់ ហើយអ្វីដែលពិសេស គឺក្រុមទាំងពីរ បានបញ្ចប់ការប្រកួត ៩០នាទី ជាមួយលទ្ធផល ១-១ ដូចគ្នាទៀតផង៕