(ភ្នំពេញ)៖ យុវជន សៀង ចន្ធា ត្រូវបានអ្នកគាំទ្រចាត់ទុកជាគ្រាប់ពេជ្រមួយក្នុងវិស័យបាល់ទាត់កម្ពុជា ក្រោយបង្កព្យុះភ្លៀងលើទីលានតាំងពីក្រុមយុវជន រហូតដល់ក្រុមធំ។ ប៉ុន្ដែ​អ្នកគាំទ្របានកើតការងឿងឆ្ងល់ ហេតុអ្វីរាល់ការប្រកួតរបស់ក្រុមធំ ចន្ធា មិនត្រូវបានដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូង?

លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ពាក់ព័ន្ធនឹងការលើកឡើងថា ក្នុងនាមគ្រូបង្វឹក លោកតែងព្យាយាមដាក់កីឡាករក្នុងតួនាទីមួយ ដែល​ធ្វើឲ្យកីឡាករជោគជ័យ។ ហេតុនេះ លោកបានស្នើឲ្យមានការអត់ធ្មត់ចំពោះករណី សៀង ចន្ធា ដែលនៅក្មេង និងត្រូវការពេលវេលា ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ដិចម្តងៗ។

ថ្លែងក្រោយចប់ការប្រកួតរវាងកម្ពុជា និងហុងកុងកាលពីយប់មិញ លោក Felix បាននិយាយថា «ដូចយើងដឹង សៀង ចន្ធា នៅក្មេង ទើបវ័យប្រហែល ១៧ ទៅ ១៨ឆ្នាំ។ ប្រាកដណាស់ យើងត្រូវការភាពអត់ធ្មត់ច្រើនសម្រាប់គាត់ ដើម្បីឲ្យគាត់មានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខទៀតបានល្អម្ដងបន្ដិចៗ។ ប៉ុន្ដែប្រហែលជាប្រកួតក្រោយ ចន្ធា អាចនឹងលេងមុនក៏ថាបាន»

កាលពីយប់មិញ សៀង ចន្ធា ត្រូវបានប្ដូរចូលលេងនៅនាទី៥៧ បន្ទាប់មកគេបានបង្កើតឱកាសជាច្រើន រហូតស្ទើរអាចបំប៉ោងសំណាញ់ទីក្រុមហុងកុង តែគួរឲ្យស្ដាយ​បាល់ប៉ះបង្គោលទី។ អ្នកគាំទ្របានសម្ដែងការកោតសរសើរ ចំពោះសមត្ថភាពរបស់យុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ហើយក៏សង្ឃឹមថា នៅថ្ងៃអនាគត ចន្ធា នឹងក្លាយជាគ្រាប់ពេជ្រយ៉ាងពិតប្រាកដរបស់កម្ពុជា។

ក្រឡេកទៅចាប់អារម្មណ៍ក្រុមគោព្រៃកម្ពុជាវិញ ក្រោយឆ្លងកាត់ការប្រកួតបើកឆាកវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី នៃពូល C កម្ពុជានឹងបន្ដបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ១ប្រកួតទៀតនាថ្ងៃទី១០ ខែកញ្ញាខាងមុខ ពោលគឺត្រូវជួបក្រុមជម្រើសជាតិបារ៉ែន ដែលទើបប្រកួតស្មើក្រុមជម្រើសជាតិអ៊ីរ៉ាក់ ១-១ កាលពីយប់មិញដែរ៕