(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះការខំប្រឹងរបស់កូនក្រុមកាលពីយប់មិញ ទោះបីលោកមិនពេញចិត្តនឹងលទ្ធផលស្មើគ្នា ១-១ ជាមួយហុងកុងក៏ដោយ ។ យ៉ាងណាមិញ លោកថានេះត្រឹមជាការចាប់ផ្ដើមប៉ុណ្ណោះ ហេតុនេះប្រជាជនកម្ពុជា ត្រូវមានមោទនភាព និងបន្ដការគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត Felix បាននិយាយថា «មតិរបស់ខ្ញុំ! ពួកយើងមិនពេញចិត្តនឹងលទ្ធផលនេះទេ តែក៏មិនខកចិត្តដែរ ។ ពួកយើងបានធ្វើការងារជាមួយកីឡាកររយៈពេល ១ឆ្នាំមកហើយ ប៉ុន្ដែវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ វាត្រឹមជាមូលដ្ឋានគ្រឹះដែលយើងចង់លេង ។ ខ្ញុំគិតថា ប្រជាជនកម្ពុជាទាំងអស់ គួរតែសប្បាយចិត្ត សម្រាប់អ្វីដែលកីឡាកររបស់យើងបានខំប្រឹងលើទីលានថ្ងៃនេះ ។ យើងមិនចង់ធ្វើជាក្រុមតូច ឬក្រុមខ្សោយ ទៅលេងជាមួយក្រុមខ្លាំងនោះទេ»

បុរសជនជាតិអាហ្សង់ទីនដដែលបន្ដថា «មុនពេលខ្ញុំនិយាយថា ប្រជាជនទាំងអស់ គួរតែមានមោទនភាពសម្រាប់ក្រុម ដោយសារកីឡាករយើងមានភាពក្លាហាន ក្នុងការរក្សាបាល់ ការលេងជាមួយបាល់ទាត់ ការផ្ដួចផ្ដើមគំនិតបានមុនគេ ដែលនេះគឺជាអ្វីដែលយើងគួរឲ្យតម្លៃការលេងរបស់កីឡាករយើង ។ នេះគឺជាមូលដ្ឋានគ្រឹះ និងការលេងរបស់កម្ពុជាយើង ហើយយើងត្រូវខំប្រឹងពង្រឹងបន្ថែម ហើយទោះបីជួបក្រុមណាក៏ដោយ យើងនៅតែរក្សាទម្រង់លេងបែបនេះដដែល»

គួរដឹងថា ការប្រកួតស្មើហុងកុង ១-១ កាលពីយប់មិញ គឺក្រុមភ្ញៀវ បាននាំមុខ ១គ្រាប់ នៅនាទី១៦ ប៉ុន្ដែត្រូវបានកីឡាករ កែវ សុខផេង វាយបតាមស្មើ ១-១ នៅនាទី៣៣ ។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល គឺដូចកាលអះអាងរបស់ប្រធានក្រុម សឿយ វិសាល គឺកីឡាករកម្ពុជា បានបង្ហាញភាពក្លាហានក្នុងលេង ដោយមិនញញឹមជាមួយកីឡាករមាឌធំៗ ដូចជាកីឡាករហុងកុងឡើយ ។ ពួកគេបានលេងដោយទំនុកចិត្ត ពិសេសនៅវគ្គទី២ ពួកគេបានព្យាយាមដាក់សម្ពាធលើក្រុមភ្ញៀវស្ទើររកគ្រាប់បាល់បន្ថែមទៀតផង ។

យ៉ាងណាមិញការចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមកំពុងឈរលេខរៀងទី១៣៩ លើពិភពលោកពេលនេះ បានធ្វើឲ្យកម្ពុជា និងហុងកុងមាន ១ពិន្ទុក្នុងដៃដូចគ្នា ជាមួយក្រុមបារ៉ែន និងអ៊ីរ៉ាក់ ដែលបានប្រកួតស្មើគ្នា ១-១ ដូចគ្នា កាលពីយប់មិញ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ។ រីឯការប្រកួតបន្ទាប់របស់កម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញានេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕