(ភ្នំពេញ)៖ ទង់ជាតិកម្ពុជាដ៏ធំមួយ នឹងធ្វើឲ្យអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានការរីករាយសាទរ និងរំភើបចិត្តចំពោះវត្តមានទង់ជាតិកម្ពុជា តំណាងប្រទេស ដែលមានទំហំធំដោយបានបង្ហាញខ្លួនក្នុងការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ប៉ះក្រុមជម្រើសហុងកុង នាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងវគ្គជម្រុះ World Cup 2022 ប្រចាំពូល C នៅពហុកីឡដ្ឋានជាតិ។ នេះបើយោងតាមផេកហ្វេកបុកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

នេះក៏ជាលើកទី១ ផងដែរដែលក្រុមគោព្រៃកម្ពុជា មានទង់ជាតិដ៏ធំដាក់បង្ហាញក្នុងជំនួបផ្លូវការ និងជាការស្វាគមន៍ សម្រាប់ប្រកួតបើកឆាកនៃវគ្គជម្រុះជុំទី២ ប្រចាំតំបន់អាស៊ី ដែលកម្ពុជាបានឡើងដល់ជុំនេះជាលើកទី២ និងក៏ដើម្បីប្រ កួតបើកឆាកវគ្គសន្សំពិន្ទុនៃពូល C ថែមទៀតផង។

មួយវិញទៀត ក៏ដើម្បីអ្នកគាំទ្រមានការសប្បាយរីករាយ ដែលបានឃើញរូបភាពតំណាងជាតិរបស់ខ្លួន ក្នុងការចូលរួមលើទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា ឲ្យមានឆន្ទៈក្នុងការប្រកួតដ៏អស្ចារ្យ បើទោះបីជាទទួលបានលទ្ធផលបែបណាក៏ដោយ៕