(ភ្នំពេញ)៖ ទ្រី តារាវុធ ដែលតែងតែលេចវត្តមានក្នុងភាពយន្តដុំធំៗកន្លងមក តែ ពេលនេះមានឱកាសពិសេសមួយ ធ្វើជាបុរសឯកតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី «Man Of The Year» នៅប្រទេសមីយ៉ាន់ម៉ា។ នេះជាលើកទី១ ហើយដែលតារាសម្តែង និងពិធីកររូបសង្ហារ ទ្រី តារាវុធ ចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ដែលមានការចូលរួមពីបុរសៗរូបសង្ហារ សាច់ដុំកង់ៗ មកពីបណ្តាប្រទេសជាច្រើនលើពិភពលោក។ តែយ៉ាងណា ក្រៅពីជឿជាក់លើសមត្ថភាពរបស់ខ្លួន លោកក៏សូមឲ្យទស្សនិកជនចូលរួមគាំទ្រផងដែរ។

ពិតណាស់ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែង ទ្រី តារាវុធ នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស «Man Of The Year» 2019 ហើយ។ នេះគឺជាឱកាសថ្មី ដែលតារាសម្តែងរូបនេះទទួលបាន ក្រោយពីជោគជ័យលើការងារសម្តែង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ទ្រី តារាវុធ បានប្រាប់ Fresh News ថា មកទល់នឹងពេលនេះ គឺកំពុងហ្វឹកហាត់បន្ថែមលើការដើរម៉ូត ជាពិសេសគឺព្យាយាមហាត់ប្រាណ ដើម្បីឲ្យមានរាងស្អាត និងយកសាច់ដុំ​ឲ្យស័ក្តសមជាតារាម៉ូដែល ព្រោះកន្លងមករវល់សម្តែងផង ពិធីករផង មិនមានពេលហាត់ប្រាណ។ យ៉ាងណាមិញ លោកបានព្យាយាមហ្វឹកហាត់បន្ថែមត្រង់ចំណុចនេះ និងការជួបជាមួយអ្នករៀបចំ ដើម្បីបំពេញចំណុចខ្វះខាត មុននឹងចេញទៅប្រកួត។ ​

ចំពោះរូបភាពស្លៀកសិចស៊ី ប៉ុន្មានសន្លឹកដែរផុសក្នុងហ្វេបុកលោក ក្នុងពេលថ្មីៗលោក ទ្រី តារាវុធ បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលលោកស្លៀកសិចស៊ី មានតែខោក្នុង ព្រោះជាទូទៅកម្មវិធីលំដាប់ថ្នាក់ពិភពលោកបែបនេះ គឺតម្រូវឲ្យមានគ្រប់ទម្រង់ គឺមានទាំងឈុតអាវធំ, ស្លៀកបែបសិចស៊ីមានតែខោក្នុង និងឈុតតំណាងជាតិជាដើម។ លោកថា ដោយសារមិនធ្លាប់ស្លៀកសិចស៊ី ដំបូងឡើយមានអារម្មណ៍ថាអៀន ទោះយ៉ាងណានៅតែធ្វើបាន ព្រោះជាការតម្រូវរបស់កម្មវិធី។ ទោះបែបនេះក្តី លោក ទ្រី តារាវុធ បានសង្កត់ធ្ងន់ថា បាននាំយកនូវឈុតតំណាងជាតិទៅជាមួយផង ដោយមានឈុតនាគរាជ គ្រងមកុដនាគ ខណៈមកុដនាគនេះទៀតសោទ គឺដកស្រង់ចេញពីផ្ទាំងគំនូរ តាមរយៈរឿង​ «រាមកេរ្តិ៍»។

ព្រឹត្តិការណ៍ប្រកួត «Man Of The Year» ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដោយមាន​ការចូលរួមពីបេក្ខជនតំណាងប្រទេសប្រមាណជាង ២០ មកពីជុំវិញពិភពលោកចូលរួមប្រកួត។ តារាសម្តែង និងពិធីករ ទ្រី តារាវុធ បានត្រៀមរួចជាស្រេច​នូវការហ្វឹកហាត់លើជំនាញមួយចំនួន ជាច្រើនខែកន្លងមកហើយ ដើម្បីបង្ហាញពីភាពជឿជាក់មួយលើឆាកអន្តរជាតិមួយនេះ។ តែយ៉ាងណា ក៏សំណូមពរ​ដល់ទស្សនិកជនចូលរួមគាំទ្រផងដែរ ព្រោះនេះមិនមែនជាមុខមាត់លោកតែម្នាក់ឯងទេ ពោលគឺតំណាងឲ្យប្រទេសកម្ពុជាទាំងមូលតែម្តង។

គួរបញ្ជាក់ដែរថា លោកទ្រី តារាវុធ មានអាយុ២៤ឆ្នាំ គឺជាតារាសម្តែង បង្ហាញម៉ូត និងពិធីករម្នាក់ដ៏មានប្រជាប្រិយ ។ លោកគឺជាអតីត Frishie Boy ចំណាត់ថ្នាក់លេខ១ ប្រចាំ២០១៦។ តារារូបនេះធ្លាប់សម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតទទួលបានការគាំទ្រច្រើន ដូចជា រឿង «កំណត់ហេតុនាងនាថ», រឿង «សរសរកន្លោង», រឿង «ភូមិគ្រឹះជំពាក់ស្នេហ៍» រឿង «កុំងាកក្រោយ» ជាដើម៕