(ភ្នំពេញ)៖ ចាត់ទុកជាមោទនភាពយ៉ាងខ្លាំង ដែលស្ត្រីខ្មែរ៣រូប ត្រូវបានប្រទេសថៃក្រោមការទទួលស្គាល់ពីព្រះរាជវង្សថៃ បំពាក់មកុដឲ្យជានារីឆ្នើមតំណាងកម្ពុជា ខណៈដែលកម្មវិធីនោះមានការចូលរួមពីនារីឆ្នើមមកពីប្រទេសជាច្រើន។ អ្នកទាំង៣បានទាំងអះអាងថាមិនបានដឹងខ្លួនមុនថា បានទទួលមកុដឆ្នើម ក្រៅពីដឹងថាអ្នករៀបចំកម្មវិធីបានស៊ើបអង្កេតពីខ្លួនមិនតិច៤ឆ្នាំមកហើយ។

ស្ត្រីខ្មែរ ដែលទទួលបានមកុដជានារីឆ្នើមតំណាងប្រទេសកម្ពុជាទាំង៣នោះរួមមាន អ្នកស្រី ចែម សេរីរក្ស មន្ត្រីយោធាផ្នែកទំនាក់ទំនងនៅច្រកព្រំដែនជប់-គគីរ ខេត្តឩត្តរមានជ័យ ទទួលបានពានជាស្រ្តីឆ្នើមដែលមានឈ្មោះថា Miss Global Ecotourism Univere 2019 ដោយសារតែអ្នកស្រីមានស្នាដៃក្នុងការជួយសង្គ្រោះជនរងគ្រោះ និងទំនាក់ទំនងរវាងមន្ត្រីយោធាខ្មែរ និងថៃ បានល្អក្នុងរយៈពេលកន្លងមក និងដោយសារតែអ្នកស្រីជាយោធានារី ដែលមានសមត្ថភាពលោតឆ័ត្រយោងបានល្អក្នុងនាមជាមន្ត្រីឆ័ត្រយោងកន្លងមក។

អ្នកស្រី ប្រាក់ គន្ធីនី បុគ្គលិកអង្គការ ដែលទទួលបានមកុដ Miss Cambodia Nation 2019 ដោយសារតែអ្នកស្រីជាស្រ្តីមួយរូបដែលចូលរួមក្នុងសកម្មភាពលើកស្ទួយវប្បធម៌ ប្រពៃណី និង ទំនៀមទំលាប់ជាតិខ្មែរ និងស្រ្តីមួយរូបចុងក្រោយ គឺ អ្នកស្រី សុបិន្ត លីនណា បុគ្គលអង្គការផងដែរ ដែលមានស្នាដៃច្រើនក្នុងកិច្ចការសប្បុរសធម៌ មនុស្សធម៌ ដែលមិនខុសពី កញ្ញាឯកអគ្គរាជទូតសុឆន្ទៈ ផ្នែកសប្បុរសធម៌ ប្រចាំនៅកម្ពុជា។

អ្នកស្រី ចែម សេរីរក្ស បញ្ជាក់ថា គណកម្មការប្រទេសថៃ ចុះមកស្រាវជ្រាវពីស្នាដៃក្នុងជំនាញលោតឆ័ត្រយោង និងការងារផ្នែកទំនាក់ទំនង​របស់អ្នកស្រីនៅច្រកជប់-គគីរជាយូរមកហើយ ទើបផ្ញើលិខិតស្នើអ្នកស្រីឲ្យទៅចូលរួមក្នុងពិធីនោះកាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ ហើយក៏មិនបានបញ្ជាក់មុនថា អ្នកស្រីនឹងឈ្នះពានបែបនឹងនោះដែរ។

អ្នកស្រី ប្រាក់ គន្ធីនី បញ្ជាក់ថា កម្មវិធីនេះមានស្រ្តីដែលមានស្នាដៃមកពីប្រទេសជាច្រើនដូចជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេសុី សិង្ហបុរី វៀតណាម និងអាមេរិកជាដើម ដោយមុននឹងទទួលបានមកុដក៏មានការចោទឆ្លើយ ដើម្បីបញ្ជាក់ពីសមត្ថភាពផងដែរ។

អ្នកស្រី សុបិន្ត លីនណា បង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលអ្នកស្រីទទួលបានមកុដយ៉ាងកិត្តិយសនេះ។ ប៉ុន្តែកន្លងមកអ្នកស្រីធ្លាប់ទទួលបានការទទួលស្គាល់បែនេះ ព្រោះតែមានស្នាដៃចូលរួមក្នុងកិច្ចការសង្គមរាប់មិនអស់។ អ្នកស្រីក៏ត្រូវបានខាងប្រទេសថៃសុំការសហការ ដើម្បីអាចធ្វើកិច្ចការសង្គមរួមគ្នាជាប្រយោជន៍ដល់សង្គមផងដែរ៕