(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានឲ្យដឹងថា ក្រុមកីឡាករទូកក្តោងជម្រើសជាតិកម្ពុជា ៣នាក់ និងគ្រូបង្វឹកម្នាក់ ដឹកនាំដោយលោក ម៉េង វ៉ាង ទីប្រឹក្សាសហព័ន្ធ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ថាង ហ្គោដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចេញទៅហ្វឹកហាត់លើវិញ្ញាសា ទូកក្តោង Windsurfing នៅទីក្រុងសានថូវ ប្រទេសចិន រយៈពេល ៣ខែ ដើម្បីបង្កើនគុណភាពបច្ចេកត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងក្នុងសម្រួចគោលដៅអភិវឌ្ឍ ក្នុងដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

សម្រាប់កីឡាករជម្រើសជាតិទាំង ៣នាក់ដែលទៅហ្វឹកហាត់នៅប្រទេសចិន មានកីឡាករ សូត្រ មេសា អាយុ ១៨ឆ្នាំ កីឡាករ ប៉ាល់ សីលា អាយុ ១៨ឆ្នាំ និងកីឡាករ កែវ ភារុណ អាយុ ១៦ឆ្នាំ និងគ្រូបង្វឹក លោក សោម សុទ្ធរិទ្ធិពង្ស ដែលនេះជាឆ្នាំទី៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករទៅបង្កើនការហ្វឹកហាត់នៅប្រទេសចិន។

កីឡាករទូកក្តោងកម្ពុជាទាំង ៣នាក់់ខាងលើនេះនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិយុវជនរបស់ប្រទេសចិន នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន ដែលជាកន្លែងត្រូវប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ ASAF Asian Windsurfing Championship 2019 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា នេះគឺជាផលវិជ្ជមានមួយ សម្រាប់ការហ្វឹកហាត់ត្រៀមរបស់កីឡាករកម្ពុជា ក្នុងការប្រកួតកីឡាទូកក្តោងអន្តរជាតិ ASAF Asian Windsurfing Championship 2019 ក៏ដូចជាត្រៀមស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយចំពោះការទៅហ្វឹកហាត់នេះក៏ទទួលបានការឧបត្ថម្ភពីលោក ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា៕