(ភ្នំពេញ)៖ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិថី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោក ហុង ភារិន នឹងមកចែករំលែកនូវវិធីសាស្ត្រ នៃការចង់ចាំដល់មហាជន និងបង្ហាញពីគម្រោងនៅថ្ងៃអនាគតថា តើនឹងចាប់ជំនាញអ្វីបន្ថែមទៀត។

ពិតណាស់ បន្ទាប់ពីមានឈ្មោះល្បី តាមរយៈការបញ្ចេញទេពកោសល្យពិសេស ក្នុងកម្មវិធី «Super 100», លោក ហុង ភារិន ដែលមានអាយុ២៣ឆ្នាំ បានត្រឡប់មកកាន់ទឹកដីមាតុភូមិ កាលពីពេលថ្មីៗនេះ ដើម្បីជួបជុំក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលបានលើកទឹកចិត្តលោកតាំងពីនៅប្រទេសថៃ។ ការខិតខំប្រឹងប្រែងរបស់និស្សិត ហុង ភារិន បានចេញលិទ្ធផលគួរជាទីមោទនចំពោះក្រុមគ្រួសារលោក និងប្រទេសជាតិទាំងមូល ដែលមានយុវជនមានទេពកោសក្យ ធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន។

យ៉ាងណាមិញ ក្រៅពីប្រវត្តិជីវិតតស៊ូ ឆ្លងកាត់ស្ថានភាពលំបាកក្នុងគ្រួសារ ការពុះពារជំនះឧបសគ្គនានា ដើម្បីបន្តការសិក្សារៀនសូត្រ លោក ហុង ភារិន នឹងមកបង្ហាញនូវអាថ៌កំបាំងផ្សេងទៀត ដែលមហាជនមិនទាន់បានដឹងតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕