(ភ្នំពេញ)៖ ពិធីករស្រស់សង្ហាររបស់ស្ថានីយទូរទស្សន៍ PNN លោក អឿង សុខស៊ីណារ៉ា បាននិយាយថា លោកចង់ពង្រឹងអាជីពជាពិធីកររបស់ខ្លួន កាន់តែខ្លាំងថែមទៀត បន្ទាប់ពីទទួលការងារថ្មីជាពិធីករនៅ PNN។ ក្នុងនោះលោកក៏ត្រៀមចូលរួមសកម្មភាពសង្គមនានា ប្រសិនបើមានតម្រូវការពីពីស្ថាប័នផ្សេងៗ។

ការបញ្ជាក់ដូច្នេះដោយសារតែលោកយល់ឃើញថា ក្នុងនាមជាសិល្បករមួយរូបការចូលរួមការងារសង្គម គឺជារឿងចាំបាច់ទោះជាការងារនោះ ស្ថិតក្នុងកម្រិតណាក៏ដោយ។

ពិធីករក្នុងកម្មវិធីសិល្បៈ កម្សាន្តរបស់ PNN បានបញ្ជាក់ថា​ «ខ្ញុំសប្បាយរីករាយនៅពេលក្លាយជា MC ម្នាក់ក្នុងកម្មវិធីព័ត៌មានសិល្បៈ កម្សាន្ត និងកម្មវិធីសិល្បៈកម្សាន្តរបស់ PNN។ វាជារឿងមួយ ដែលយើងត្រូវតែយកចិត្តទុកដាក់បំផុតរឿងការងារសង្គមនេះ ប្រសិនបើយើងជាតារាម្នាក់ ទោះជាល្បី ឬមិនល្បីក៏ដោយ តែជាការងារមួយដែលតារាៗរីករាយនឹងចូលរួម»

បើទោះជាមិនទាន់មានឈ្មោះ បោះសំឡេងក្នុងសង្គមសិល្បៈ ដូចជាតារាមួយចំនួនក្ដី ​ក៏ប៉ុន្តែពិធីករ​ស្រស់សង្ហាររូបនេះ ហាក់មិនអាក់អន់ស្រពន់ចិត្តនោះទេ។ លោកមានតែបង្ហាញក្ដី​សប្បាយរីករាយ នៅពេលក្លាយជាពិធីករម្នាក់ក្នុងកម្មវិធី ព័ត៌មាន ជីវិតកម្សាន្ត និងកម្មវិធី សិល្បៈ កម្សាន្តរបស់ស្ថានីយទូរទស្សន៍ PNN។

ពិធីករបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក business នៅ CAMIU បន្ថែមថា លោកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីក្លាយជាពិធីករអាជីពម្នាក់នាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះតារាវ័យ ២៦ឆ្នាំរូបនេះ ក៏ប្រកាសទទួលការថតស្ប៉ត និងភាពយន្តផងដែរ ប្រសិនបើមានបណ្ដាផលិតកម្មចង់ទាក់ទង។

សូមបញ្ជាក់ថា បច្ចុប្បន្នលោក រឿង សុខស៊ីណារ៉ា កំពុងកាន់កម្មវិធី២នៅ PNN គឺកម្មវិធីព័ត៌មានជីវិតកម្សាន្តរបស់ PNN និងទី២កម្មវិធីសិល្បៈកម្សាន្ត​។ តារារូបនេះក៏កំពុងសិក្សាបន្ថែមភាសា អង់គ្លេស និងភាសា ថៃ ដើម្បីជួយបង្កើតចំណេះដឹង និងតម្រូវការទីផ្សារផ្នែកពិធីករ។ លោកធ្លាប់ជា ធ្លាប់ជាបុគ្គលិកជំនួយការអ្នកផលិតកម្មវិធី និង Creative កម្មវិធីកម្សាន្ត ២០១៥-២០១៧ និងធ្វើជាពិធីករក្នុងកម្មវិធី PNN Hi-Light និង Funny Clip និង Outdoor reporter ឆ្នាំ២០១៦៕