(ភ្នំពេញ)៖ កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បានអះអាងយ៉ាងម៉ឺងមាត់ថា កម្ពុជា​នឹងធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែក តាមរយៈការបង្ហាញទម្រង់គួរដ៏ភ្ញាក់ផ្អើលមួយ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(FIFA World Cup Qatar 2022) ជាមួយក្រុមហុងកុង នាល្ងាចថ្ងៃទី០៥ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

សមាជិកក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយហុងកុង នៅសាលប្រជុំ​អគ្គនាយកដ្ឋានកីឡា កាលពីព្រឹកមិញថា «សម្រាប់ការប្រកួតស្អែកនេះ គឺជាការប្រកួតមួយដ៏ល្អ និងអស្ចារ្យ សម្រាប់​ក្រុមរបស់យើង ហើយក៏នឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នាភ្ញាក់ផ្អើល និងដឹងថា កម្ពុជារបស់យើង វិស័យ​បាល់ទាត់ដល់កម្រិតណាផងដែរ គឺនឹងភ្ញាក់ផ្អើលនាថ្ងៃស្អែក»

បន្ថែមលើនេះ វិសាខា ក៏បានស្នើឲ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមគោព្រៃកម្ពុជាផងដែរ ទោះបីកីឡាករជា Idol របស់អ្នកគាំត្រមួយចំនួន មិនបានចូលរួមក៏ដោយ ។ គេនិយថា «ខ្ញុំគិតថា អ្នកគាំទ្រនឹងដឹង បាល់ទាត់គឺលេងជាក្រុម អញ្ចឹងទោះបីខ្វះកីឡាករល្អៗពីមុន ២-៣នាក់ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមទស្សនាថ្ងៃស្អែកឲ្យបានច្រើនកុះករ»

គួរដឹងថា នាវេលាម៉ោង ៦៖៥០នាទីស្អែកនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបហុងកុង ដែលជាប្រកួតដំបូង ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ហើយក្រោយចប់ការប្រកួតនេះ កម្ពុជានឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលការប្រកួតក្នុងដី ១ប្រកួតទៀត ជាមួយក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មុនបន្ដជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាពេលឆាប់ៗខាងមុខ ៕