(ភ្នំពេញ)៖ ទាក់ទងនឹងកីឡាករ ចាន់ វឌ្ឍនាកា ដែលមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាផងនោះ លោក Felix គ្រូបង្វឹកកម្ពុជា បានលើកឡើងថា វឌ្ឍនាកា អាចនឹងត្រូវកោះហៅចូលរួមជាមួយជម្រើសជាតិវិញ ប្រសិនណាបើសមត្ថភាពរូបគេល្អ។

លោកបានបញ្ជាក់ថា «ពួកយើងបានរៀបចំរួចរាល់អស់ហើយសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ជាការប្រកួតប្រជែងជាមួយក្រុមដ៏អស្ចារ្យ និងទាក់ទាញទៅដល់អ្នកគាំទ្រទាំងអស់ចូលរួមផងដែរ។ យើងបានពិចារណារាល់កីឡាករទាំងអស់នៅក្នុងការប្រកួតពាននេះ។ ទង្វើ និងសកម្មភាពរបស់ពួកគាត់នៅលើទីលាន និងក្រៅទីលានដូចគ្នា ហើយយើងសង្ឃឹមថា លើកក្រោយនឹងកោះ វឌ្ឍនាកា ចូលរួមដែរ។ មួយទៀតបច្ចុប្បន្ននេះ គាត់បានឃើញកីឡាកររបស់គាត់ដែលមានស្រាប់ គឺពួកគេធ្វើការងារបានល្អ និងមានឆន្ទៈ មានការខំប្រឹងប្រែង និងការហ្វឹកហាត់ និងយកចិត្តទុកដាក់នៅលើទីលានបានល្អ»

អ្វីដែលសំខាន់មួយទៀតផងនោះ បើនិយាយអំពីកាយសម្បទារបស់ក្រុមយើងតែងតែប្រកួតជាមួយក្រុមដែលមានកាយសម្បទាធំជាង ដូចជាប្រកួតជាមួយក្រុមបាគីស្ថាន និងហុងកុង លោក Felix គិតថា មិនខុសគ្នានោះទេ សុទ្ធតែមាឌធំៗ ចំណុចដែលសំខាន់បំផុតរបស់យើងត្រូវរក្សាបាល់លេងឲ្យបានច្រើន និងការលេងរបស់ពួកយើងមិនផ្លាស់ប្តូរនោះទេ ប៉ុន្តែកលល្បិចបន្តិចបន្ទួចតែងតែមានការកែតម្រូវផ្សារភ្ជាប់ជាមួយក្រុមដែលលេងខុសៗគ្នា៕