(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនថ្ងៃប្រកួតទល់នឹងហុងកុង លោក Felix Dalmas ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា ការផ្តល់ឱកាសឲ្យកីឡាករយុវជនក្នុងជម្រើស ២៥នាក់ចុងក្រោយនៃការប្រជែងកៅអីក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២២ ស្អែកនេះ គឺជាកត្តាល្អសម្រាប់ទៅថ្ងៃអនាគត ក្នុងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ ដើម្បីប្រជែងយកមេដាយក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង ព្រឹត្តិការណ៍ផ្សេងលើ ឆាកអន្តរជាតិ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើបានគូសបញ្ជាក់ថា ការមិនមានវត្តមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ព្រោះលោកបានមើលឃើញ​ពីសមត្ថភាពកីឡាករយុវជនជំនាន់ក្រោយ ក្រោយការខិតខំប្រឹងប្រែងហ្វឹកហាត់ និងចង់ផ្តល់ឱកាសដល់ពួកគេក្នុងការអភិវឌ្ឍន៍សមត្ថភាពទៅថ្ងៃអនាគត តែលើក្រោយក៏អាចនឹងមានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ឡើងវិញផងដែរ បើសមត្ថភាពគេប្រសើរឡើងនោះ។

សម្រាប់លោក Mixu Paatelainen ដែលជាគ្រូបង្វឹកក្រុមហុងកុងនោះបានលើកឡើងដែរថា ការប្រកួតជាមួយក្រុមគោព្រៃកម្ពុជា នឹងមិនមានភាពងាយស្រួលនោះទេ ព្រោះក្រុមកម្ពុជា មានសមាជិកកីឡាករល្អច្រើន តែលោកបានដាក់ក្តីរំពឹងថា នឹងព្យាយាមរកគ្រាប់ស៊ុតឲ្យបានច្រើនគ្រាប់ ហើយក៏រក្សាសំណាញ់ទីមិនឲ្យមានការស៊ុតចូលច្រើនដែរ បើទោះបីជាជួបបញ្ហាទីលាន និងអកាសធាតុយ៉ាងណាក៏ដោយ។

លោកបានសរសើរក្រុមកម្ពុជា ពិតជាក្រុមខ្លាំង ដោយមានប្រព័ន្ធលេងល្អសម្រាប់ក្រុម និងកីឡាករមានការយល់ច្បាស់ពីទីលាន និងបច្ចេកទេសលេងក៏ល្អ ដោយមានការរៀបចំក្រុមបានល្អ៕