(ភ្នំពេញ)៖ បាត់មុខពីការឡើងឆាកចម្រៀងមួយរយះ ម្ចាស់ជ័យលាភីលេខ១ ពីការប្រឡងចម្រៀងប្រចាំ ខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ អ្នកនាង សាន សុខកក្កដា កំពុង កាក់កបនឹងមុខរបរលក់ងៀតគោ ងៀតក្របី និងត្រីងៀតតាមអនឡាញ ដោយអ្នកនាងល្បីឈ្មោះនឹងធ្វើងៀតគោ ងៀតក្របី និងត្រីងៀត ដែលអាចឲ្យអ្នកនាង កើបប្រាក់រាប់ម៉ឺន ដល់ថ្នាក់ទិញបានវីឡាថ្មីៗទៀតផង។ ជាមួយនឹងភាពជោគជ័យនេះ អ្នកនាងឈានដល់ការ បើកហាងមួយកន្លែង នៅខាងមុខបុរីពិភពថ្មីនៅតាខ្មៅ ដើម្បីបញ្ចេញថ្វីដៃងៀតគោ ងៀតក្របី ដែលល្បីល្បាញ ជាយូរមកហើយឲ្យកាន់តែខ្ទរខ្ទារ។

អ្នកនាង សាន សុខកក្កដា ហៅម៉ាក់ដា បានអះអាងថា ដោយសារតែងៀតគោ ងៀតក្របី និងត្រីងៀតរបស់ ខ្លួនទទួលបានការគាំទ្រ និងមានការទទួលស្គាល់ខ្លាំងឡើង ទើបអ្នកនាងសម្រេចចិត្តបើកហាងសាច់អាំងងៀត គោងៀតក្របីតែម្ដង ដើម្បីពង្រីកប្រាក់ចំណូលឲ្យកាន់តែកើន។ អ្នកនាង បានសារភាពថា អ្នកស្រីធ្លាប់បើក អាជីវកម្មធំដុំច្រើនមុខមកហើយ ដោយក៏ទើបតែបិទសាឡនធំមួយចោលមិនស្ដាយប៉ុណ្ណោះ ដោយសារតែមុខ របរនោះ គឺល្អតែមើលតែមិនល្អស៊ី។ ហើយទើបតែពេលនេះស្គាល់ចំណេញក្ឌាំងៗ និងមិនសូវហត់ចិត្តក្រោយ បើករបរលក់ត្រីងៀត គោងៀត ក្របីងៀត និងជ្រក់ជាដើម តាមអនឡាញប៉ុណ្ណោះ ខណៈដែលមុខរបរនេះ តាំងពីអ្នកនាងចេញលក់ គឺស្ទើរតែធ្វើមិនទាន់នឹងតម្រូវការកុម្ម៉ង់ទិញ។ អតិថិជនទាំងនោះ ភាគច្រើនជាអ្នកក្រៅ ស្រុក និងអ្នកដែលមានជីវភាពធូរធា ដែលកុម្ម៉ង់ម្ដងៗដប់ម្ភៃគីឡូផង។

ជាមួយនឹងការលើកឡើង គេឃើញគោងៀត ក្របីងៀតរបស់ម៉ាក់ដា ល្បីល្បាញមិនចាញ់យីហោផលិតផល ខ្លះនោះទេ ដោយសារតែរសជាតិប្លែក និងមិនប្រើសារជាតិប៉ះពាល់ សូម្បីសាច់ក៏ជម្រើសតែសាច់ល្អ ជាគោក្របី និងត្រីក្នុងស្រុក។ គេដឹងថា មួយខែៗអ្នកនាងថា កើបលុយខ្ទង់ពាន់ដុល្លារ ដ្បិតថាហត់បន្តិចក្ដី។ ទើបគ្រាន់តែ អ្នកនាងបើកហាងសាច់អាំងយីហោ «ម៉ាក់ដាងៀតក្របី» នៅផ្ទះកែងច្រកចូលបុរីពិភពថ្មីក្រុងតាខ្មៅ មិនបាន ប៉ុន្មានថ្ងៃផង គឺម៉ូយៗមកអង្គុយពេញតុ ដែលកាន់តែជួយឲ្យអ្នកនាងស្រួលកើបចំណូល។ តាំងពីមុខរបរលក់ ងៀតកាក់កប អាជីពចម្រៀង គឺចង់បំភ្លេចចោលហើយ ប៉ុន្តែអ្នកនាងក៏នៅតែជំរុញឲ្យកូនស្រីបន្តវេន និងសន្យា ឆ្លៀតពេលទទួលការងារសប្បុរសធម៌ជាជំនួស នៅពេលហាងថ្មីរលូនជាងនេះ៕