(ភ្នំពេញ)៖ កីឡាករខ្សែការពារវ័យក្មេង ទេស សម្បត្តិ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការ​ប្រកួតជម្រុះ FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ីនេះ។

អ្វីដែលសំខាន់ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFc បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៥រូបចុងក្រោយ ត្រៀម ប្រកួតទល់នឹងហុងកុងនោះ កីឡាករ​នៃក្លឹបបឹងកេតខាងលើបានបង្ហើបពីការតាំងចិត្តរបស់ខ្លួនថា «មកដល់ពេលនេះ ខ្ញុំនឹងខំប្រឹងឱ្យខ្លាំងប្រជែងយកកៅអីជម្រើស ១១នាក់ដំបូង ដើម្បីលេងឱ្យជាតិ និងចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់»

កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបន្ថែមទៀតថា «ខ្ញុំមានអារម្មណ៍រំភើប ពេលបានមកដល់ចំណុចនេះ ហើយនិយាយពីស្ថានភាពហ្វឹកហាត់គឺល្អ គ្រូបង្វឹកគាត់ផ្ដោតទៅលើទំនុកចិត្ត និងឆន្ទៈ ខ្ញុំគិតថាល្អមែនទែន»

គួរបញ្ជាក់ផងថា កីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតចំនួន ៤រូបត្រូវបានកោះហៅទៅចូលរួមការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះរួមមាន សេត រ៉ស៊ីប, ទេស សម្បត្តិ, លី វ៉ាហេទ និងកីឡាករ ជា វេសលី ដែលត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិហុងកុង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦៖៣០នាទីល្ងាច៕