(ភ្នំពេញ)៖​ ក្រុមកីឡាហុកគីជម្រើសជាតិនារីកម្ពុជា គ្រោងធ្វើការបោះជំរុំហ្វឹកហាត់រយៈពេល ២ខែនៅប្រទេសថៃ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ចុងឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា កាលពីពេលថ្មីៗ ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ដោយសារសហព័ន្ធមានទំនាក់ទំនងល្អជាមួយសហព័ន្ធកីឡាហុកគីអាស៊ី ពិសេសភាគីថៃ ដោយថៃបានផ្ដល់កន្លែងហ្វឹកហាត់​ស្ដង់ដារអន្ដរជាតិមួយដល់ក្រុមកម្ពុជា ដើម្បីធ្វើការហ្វឹកហាត់ជាពិសេស ដោយមិនអនុញ្ញាតឲ្យមានរំខានណាមួយឡើយ សម្រាប់ពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម នៅហ្វីលីពីន ។

លោកថា ការបោះជំរុំនេះ មានរយៈពេលប្រហែលជាង ២ខែ មុនព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើចូលមកដល់ ហើយលោកក៏រំពឹងខ្ពស់ថា ក្រោយការហ្វឹកហាត់នៅថៃ ក្រុមកីឡាការិនីហុកគីកម្ពុជា នឹងឲ្យភ្ញាក់ផ្អើលការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ។ ការអះអាងដូច្នេះ ក៏ដោយសារឆ្នាំនេះ ហុកគីកម្ពុជា មានការចូលរួមពីកូនខ្មែរ នៅក្រៅប្រទេសផងដែរ ។

គួរដឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ហើយកម្ពុជា ក៏បានត្រៀមអត្តពលិកចំនួន ៣០ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះដែរ៕