(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Shinji Okazaki បានលុបចោលកិច្ចសន្យាជាមួយក្លឹប Malaga ភ្លាមៗ បន្ទាប់ពីក្លឹបអេស្ប៉ាញមួយនេះមិនមានលទ្ធផលបង់ប្រាក់ពលកម្មគ្រប់គ្រាន់ដល់រូបគេ តាមកិច្ចសន្យានាពេលថ្មីៗនេះ។

កីឡាករក្នុងក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន វ័យ ៣៣ឆ្នាំរូបនេះ ទើបតែបានចុះកិច្ចសន្យាមានរយៈពេល ៣៤ថ្ងៃប៉ុណ្ណោះ ជាមួយក្លឹប Malaga ដែលលេងនៅក្របខណ្ឌលំដាប់ទី២ អេស្ប៉ាញនារដូវកាលថ្មីឆ្នាំ២០១៩-២០២០ និងចូលលេងបាន ៣ប្រកួតផងដែរក្នុងជំនួបមិត្តភាពអន្តរជាតិ Pre-season តែខកខាន ៣ប្រកួតក្នុងលីគរដូវកាលថ្មី ដោយសារតែ Malaga ជួបវិបត្តិហិរញ្ញវត្ថុ មុនឈានដល់ការរំលាយកិច្ចសន្យាតែម្តង។

គួរបញ្ជាក់ផងថា Shinji Okazaki ជាសមាជិកដែលជួយឲ្យក្លឹបកញ្ជ្រោងខៀវ Leicester City ឈ្នះជើងឯកលីគកំពូល អង់គ្លេស Premier League ឆ្នាំ២០១៦ ដោយរកបាន ១៩គ្រាប់ពីការចូលលេងបាន ១៣៧ប្រកួត មុនពេលចាកចេញ ពីទឹកដី King’s Power នៅរដូវក្តៅនេះ។

Okazaki បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «គ្មានអ្វីស្តាយនោះទេ។ ប្រសិនបើមានឱកាស ខ្ញុំនឹង លេងឲ្យក្លឹប Malaga ម្តងទៀតដោយមិនស្ទាក់ស្ទើរឡើយ»