(លីស្បោន)៖ កំពូលតារាជើងស៊ុត Cristiano Ronaldo បានបន្តគ្រប់គ្រងពានឯកត្តជន Portuguese player of year 2019 ជាលើកទី១០ បន្ទាប់ពីទទួលសំឡេងគាំទ្រឈ្នះដាច់សិស្សប្អូន Joao Felix របស់ក្លឹប Atletico Madrid និង Bernado Silva របស់ក្លឹប Manchester City។

នេះគឺជាកំណត់ត្រាថ្មីមួយនេះសម្រាប់កីឡាករខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំដែលកំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus នៃប្រទេសអ៊ីតាលី គិតចាប់តាំងពីបានឈ្នះពានលើកដំបូងក្នុងឆ្នាំ២០០៧ និងខកខានតែ ២ឆ្នាំប៉ុណ្ណោះពោលគឺក្នុងឆ្នាំ ២០១០ និងឆ្នាំ២០១៤ ដោយបានទៅលើមិត្តរួមជាតិ Simao និង Pepe។

គួរបញ្ជាក់ផងថា កម្មវិធីប្រកាសលទ្ធផលកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៩ នៃប្រទេសព័រទុយហ្គាល់ត្រូវបានធ្វើឡើងនៅឯ Carlos Lopes Pavilion ដែលស្ថិតក្នុងទីក្រុង Lisbon ជាទីដែលលោក Bruno Lage អ្នកចាត់ការទូទៅ ក្លឹប Benfica ក៏បានឈ្នះពានក្នុងនាមអ្នកចាត់ការល្អប្រចាំឆ្នាំ២០១៩ នេះផងដែរ។

យ៉ាងណាក៏ដោយ Cristiano Ronaldo ដែលជាអតីតកីឡាករនៃក្លឹប Sporting Lisbon, Manchester United និង Real Madrid ផងដែរ បានស្ថិតក្នុងបេក្ខភាព ៣នាក់ចុងក្រោយជាមួយ Virgil van Dijk និង Lionel Messi ក្នុងការប្រ ជែងយកពានកីឡាករលេងល្អប្រចាំឆ្នាំ២០១៩ របស់ FIFA ផងដែរ ដែលនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Milan ប្រទេសអ៊ីតាលី៕