(ភ្នំពេញ)៖ បន្ទាប់ពីមានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មក្លាស៊ិក លោក ឡុង សុខហៀង ដែលគេស្គាល់ច្រើនថា ជាប្រធានក្លិបសិល្បៈមួយ និងក្នុងសកម្មភាពសប្បុរសធម៌ ត្រូវគេកត់សម្គាល់ថា មានបទចម្រៀងចេញបង្ហោះជាហូរហែ។ យ៉ាងណាមិញ លោកទើបតែមានបទឆ្លងឆ្លើយជាមួយតារាចម្រៀង កញ្ញា សម្រេច សន្យា ដែលជាតារារះថ្មីនៅផលិតកម្មក្លាសុិក ជាបទលើកឡើងពីបុណ្យភ្ជុំជាលើកដំបូងប៉ុណ្ណោះ ខណៈដែលបទចម្រៀងនេះ ដ្បិតថាជាបទច្នៃប៉ារ៉ូលពីមរតកដើម តែស្ដាប់ទៅមានន័យ និងពីរោះមួយបែប។

លោក ឡុង សុខហៀង និយាយថាជារៀងរាល់ឆ្នាំឲ្យតែជិតដល់រដូវភ្ជុំ លោកចេញតែបទស្មូតៗ ហើយដើរចែកជូនដល់លោកតាលោកយាយនៅតាមទីអារ៉ាមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែលោកបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មក្លាសុិក ទើបលោកបញ្ចេញបទចម្រៀងជាលក្ខណៈទាក់ទងនឹងរដូវបុណ្យភ្ជុំវិញម្ដង។ លោកថានេះ គឺជាចំណងដៃលើកដំបូងដែលខាងផលិតកម្មរៀបចំឲ្យលោក បានច្រៀងជាមួយកញ្ញា សម្រេច សន្យា ហើយជាបទនិយាយពីបុណ្យភ្ជុំ។ យ៉ាងណាមិញនេះមិនមែនជាបទចុងក្រោយរបស់លោក និង កញ្ញា សម្រេច សន្យា នោះទេ ដោយគ្រោងនឹងច្រៀងរួមគ្នានូវបទចម្រៀងក្រោយៗរួមគ្នាបែបនេះទៀត ជាពិសេសបទឆ្លងឆ្លើយៗ ដោយសារតែមានទឹកដមសំលេងសុីគ្នា។

លោក ឡុង សុខហៀង ទទួលស្គាល់ថាក្នុងមួយរយៈចុងក្រោយខ្លួនជោគជ័យខ្លាំងមិនថាអាជីពលក់ផលិតផលអនឡាញ អាជីពលក់ដីធ្លី និងអាជីពរៀបចំតារាឲ្យសម្ដែងតាមផលិតកម្មនោះទេ ប៉ុន្តែលោកក៏មិនភ្លេចសកម្មភាពសប្បុរសធម៌នោះដែរ គឺនៅឆ្លៀតពេលរ៉ៃអង្គាស បើទោះជារវល់ដកឃ្លាមិនចង់រួច។ ក្នុងនោះលោកក៏មិនសម្រុកចេញបទចម្រៀងច្រើនៗនោះដែរ នៅក្នុងផលិតកម្មក្លាសុិក គឺលោកនឹងច្រៀងតែបទមួយចំនួនកុំអោយអ្នកគាំទ្រថាស្ងាត់ប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ៕