(ភ្នំពេញ)៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ក្រសួងការពារជាតិបានមើលឃើញថា ដើម្បីវិលទៅកាន់ភាពល្អដូចពីមុនវិញ កីឡាករខ្សែបម្រើ ច្រឹង ពលរដ្ឋ ត្រូវផ្ដោតលើការពង្រឹងកាយសម្បទាឲ្យមាំទាំបន្ថែម គ្រាដែលបច្ចុប្បន្នគេអាចលេងដូចដើមទើបបាន ៦០ភាគរយប៉ុណ្ណោះ។

អ្នកចាត់ការធ្លាប់ដឹកនាំទ័ពឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ និងឆ្នាំ២០១៦ ខាងលើនេះបានពន្យល់ថា «ពលរដ្ឋ ទើបលេងបាន ៦០ភាគរយទេ ព្រោះគាត់ខានហ្វឹកហាត់យូរដែរពេលមានរបួសហ្នឹង។ ដូចខ្ញុំនិយាយចឹងកាយសម្បទាត្រូវតែរឹងមាំ ព្រោះវាជួយដល់បច្ចេកទេស។ ពេលណាយើងបាត់បង់ថាមពលហ្នឹងទៅ វាមិនបានបម្រើដល់ផលប្រយោជន៍បច្ចេកទេសបានទេ ព្រោះបច្ចេកទេសពឹងទៅលើកម្លាំង។ បើមានបច្ចេទេសតែអត់កម្លាំង ទៅមិនរួចដដែល»

គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ ប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃដើម្បីឈានទៅដល់កម្រិតដូចដើម ១០០ភាគរយឆាប់ៗ។ថ្នាក់ដឹកនាំក្រុមក៏បានសង្កត់ធ្ងន់ថា បច្ចេកទេសរបស់គេគ្មានអ្វីចោទពេកទេ តែសំខាន់គឺយកចិត្តទុកដាក់លើកាយសម្បទា ព្រោះជាកត្តាជួយច្រើនដល់សមត្ថភាព។

កីឡាករវ័យ២២ឆ្នាំ ពលរដ្ឋា បានបង្ហាញខ្លួននៅក្នុងក្លឹបក្រសួងការពារជាតិសាជាថ្មីរដូវកាលឆ្នាំ២០១៩ នេះ តែមិនសូវទៀងទាត់ប៉ុន្មានទេ ក្រោយមានបញ្ហាសរសៃពួរជង្គង់យូរក្រែលមកហើយ ធ្វើឲ្យគេខកខានឱកាសលេងនៅក្លឹប Buriram United នៃក្របខណ្ឌលីគកំពូលថៃផងដែរ៕