(ប៉ារីស)៖ លោក Didier Deschamps បានសម្រេចកោះហៅកីឡាករខ្សែបម្រើ Matteo Guendouzi ចូលរួមក្រុមជម្រើសជាតិជាលើកដំបូង ដើម្បីលេងវគ្គជម្រុះពានរង្វាន់អឺរ៉ុប UEFA Euro 2020 ចុងសប្តាហ៍នេះក្នុងជំនួសកន្លែង Paul Pogba ដែលមានបញ្ហារបួសកជើងនោះ។

ការមើលឃើញរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងខាងលើនេះ បន្ទាប់ពី Guendouzi បានបង្ហាញទម្រង់លេងគួរឲ្យ ចាប់អារម្មណ៍ក្នុងក្លឹបថ្មីកាំភ្លើងធំ Arsenal តាមរយៈជួយក្លឹបនេះវាយបកតាមស្មើ ២-២ វិញ ពេលមាន់ខ្នាយមាស Tottenham Hotspur នាំមុខ ២-០ ទៅហើយនោះក្នុង Premier League សប្តាហ៍ទី៤។

Guendouzi ដែលមានវ័យទើបតែ ២០ឆ្នាំ នឹងចូលរួមជាមួយមាន់គកបារាំង ប៉ះក្រុមជម្រើសជាតិអាល់បានី ថ្ងៃសៅរ៍ចុង សប្តាហ៍នេះ មុនបន្តជួបអង់ដូរ៉ា នៅរាត្រីថ្ងៃអង្គារ នៃវគ្គជម្រុះ Euro សម្រាប់ឆ្នាំក្រោយនេះ ដោយសារតែមិត្តរួមក្រុម Paul Pogba មានរបួសកជើង ក្នុងជំនួបដែល Manchester United លេងស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Southampton នាថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រៅពី Pogba បារាំងក៏អវត្តមានកីឡាករខ្សែការពារ Aymeric Laporte ខ្សែប្រយុទ្ធវ័យក្មេងទាំងពីរ Ousmane Dembele និង Kylian Mbappe ដោយសារបញ្ហារបួសផងដែរ៕