(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញបង្វឹកក្រុមកីឡាករ ជម្រើសជាតិកម្ពុជានាល្ងាចថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញយប់មិញ នេះ ដើម្បីដឹកនាំគោព្រៃកម្ពុជាប្រកួតទល់នឹងក្រុមជម្រើសហុងកុង និងបារ៉ែន ក្នុងវគ្គជម្រុះ FIFA World Cup 2022។

អ្នកចាត់ការទូទៅដែលជាជនជាតិជប៉ុនរូបនេះ លោកនឹងដឹកនាំការហ្វឹកហាត់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ ជាមួយគ្រូបង្វឹកអាហ្សង់ទីន Felix G.Dalmas បន្ទាប់ពីបានបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់បញ្ជីឈ្មោះបឋម ៣៥នាក់កាលពីចុងខែសីហាកន្លងទៅ។

សូមបញ្ជាក់ថា ភារកិច្ចចំពោះមុខរបស់ក្រុមជម្រើសជាតិកម្ពុជាពេលនេះ គឺត្រូវបើកទ្វារផ្ទះទទួលក្រុមហុងកុង នាថ្ងៃទី០៥ ខែកញ្ញាខាងមុខ មុនបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញាដដែល ក្នុងជើងទី១ ប្រចាំពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ។ ចំណែកកម្មវិធីប្រកួតបន្ទាប់វិញ គឺកម្ពុជា ត្រូវជួបអ៊ីរ៉ង់(ក្រៅដី) និងអ៊ីរ៉ាក់(ក្នុងដី) នាពាក់កណ្ដាលខែតុលាខាងមុខ៕