(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ កញ្ញា មាន សូនីតា ដែលបច្ចុប្បន្នជាប់ឈ្មោះជា រាជនីក្រមា ផងនោះ កាន់តែមានទីផ្សារការងារសិល្បៈខ្ពស់ តែយ៉ាងណាបច្ចុប្បន្ននេះ មហាជនសង្កេតឃើញថា នាងកម្រទទួលសម្តែងភាពយន្តណាស់ លុះត្រាតែរឿងនោះ ប្រភេទអប់រំ ជាប្រយោជន៍ដល់សង្គម ទើបនាងចូលរួម។ កាលពីថ្មីៗនេះ ស្រីស្អាត មាន សូនីតា បានបង្ហាញវត្តមានក្នុងការសម្ដែងខ្សែភាពយន្ត មួយរឿងទៀត ក្នុងផលិតកម្ម កថាជ័យ របស់លោក ហ៊ុយ យ៉ាឡេង ដែលមានចំណងជើង «ដើម្បីកូន» ខណៈជាលើកទីមួយហើយ ដែលស្រីស្អាតរូបនេះ បង្ហាញវត្តមានក្នុងផលិតកម្មមួយនេះ ។

ជាការពិត តារាសម្ដែង កញ្ញា មាន សូនីតា ជាធម្មតានាង មិនងាយនឹងទទួលយកការសម្ដែងរឿងនោះទេ។ ដោយឡែក សម្រាប់ខ្សែភាពយន្តជីវិតរឿង «ដើម្បីកូន» ដោយយល់ឃើញថា រឿងនេះមានសាច់រឿងល្អ ជារឿងបែបអប់រំ ឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ទើបធ្វើឲ្យកញ្ញា មាន សូនីតា សម្រេចចិត្ត ទទួលយកការសម្ដែងក្នុងរឿងមួយនេះ ដោយមិនរារែក ។

រាជនីក្រមា កញ្ញា មាន សូនីតា បានថ្លែងក្នុងថ្ងៃបិទបញ្ចប់ការសម្តែង ថា នេះជាលើកទីមួយហើយ ដែលបានសម្ដែងរឿងដែលមានគ្រប់រសជាតិជីវិត ឆ្លុះបញ្ជាំងពីតថភាពសង្គមជាក់ស្ដែង ។ នាងបន្តថា សម្រាប់រឿងមួយនេះ គឺមានឈុតឆាកខ្លះៗ ដែលធ្វើឲ្យនាងពិបាកសម្តែង គឺត្រង់ប្រកែកគ្នាជាមួយឪពុក ធ្វើអ្វីតាមចិត្តខ្លួនឯង ព្រោះត្រូវធ្វើឲ្យអស់ពីចិត្ត ដូចប្រកែងមែនទែន ហើយត្រូវសម្តែងឲ្យត្រូវតែម្តង ទើបធ្វើឲ្យនាងមានការពិបាកនៅក្នុងពេលសម្ដែងត្រង់ឈុតមួយនេះ។

យ៉ាងណាមិញ ក្នុងរឿង «ដើម្បីកូន» កញ្ញា មាន សូនីតា ដើរតួជាគូពេទ្យម្នាក់ ដែលមានចិត្តធម៌ ស្រឡាញ់ និងជួយអ្នកក្រ។ ក្នុងរឿង «ដើម្បីកូន» នេះផងដែរ គឺជាលើកទី១ហើយ ដែលលោក ហ៊ុយ យ៉ាឡេង បានចូលរួមសម្តែងជាមួយនឹងតារាស្រីកញ្ញា មាន សូនីតា៕