(ភ្នំពេញ)៖ កីឡាការិនីជម្រើសជាតិតុងហ្គីលម៉ូដូកម្ពុជា ហុង គឹមហួយ បានសម្ដែងនូវក្ដីរីករាយជាខ្លាំង ក្រោយសម្រេចបំណងដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ពីព្រឹត្តិការណ៍កម្រិតពិភពលោក World Chhung Ju Martial Art Mastershit 2019 លើកទី២ នៅសាធារណរដ្ឋកូរ៉េកាលពីពេលថ្មីៗ ដ្បិតមុនការប្រកួត នាងបានមមាញឹកជាមួយការសិក្សា ពិសេសការប្រឡងបាក់ឌុបយ៉ាងណាក្ដី។

ការថ្លែងបែបនេះ បានធ្វើឡើងក្រោយនាង អមដោយប្រតិភូ និងអត្តពលិកកីឡាតុងហ្គីលម៉ូដូកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិ ដោយសុវតិ្ថភាព ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើកាលពីម្សិលមិញ។ គឹមហួយ ថា ទោះបីខ្លួនមិនអាចសម្រេចគោលដៅដណ្ដើមមេដាយមាស ឬប្រាក់ជូនជាតិ តែយ៉ាងហោច ក៏ខ្លួនដណ្ដើមបានមេដាយសំរឹទ្ធដែរ តែមានឱកាសក្រោយ នាងប្ដេជ្ញានឹងធ្វើឲ្យបានល្អជាងនេះទៀត។

គឹមហួយ និយាយថា «លទ្ធផលនេះ ខ្ញុំនៅតែសប្បាយរីករាយ ទោះខ្ញុំមិនអាចសម្រេចដូចការរំពឹងទុក ព្រោះវាកើតចេញពីសមត្ថភាពខ្លួនឯង និងអ្វីដែលខ្លួនឯងអាចធ្វើបាន។ នេះជាជំហានមួយ ធ្វើឲ្យខ្ញុំកាន់តែរឹងមាំ និងខំប្រឹងបន្ថែមទៀត ដើម្បីសម្រេចគោលដៅនាថ្ងៃអនាគត ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។ ទន្ទឹមជាមួយភាពសប្បាយរីករាយនេះ គឹមហួយ ក៏រំពឹងលទ្ធផលប្រឡងបាក់ឌុប នឹងទទួលបានគាប់ប្រសើរផងដែរ។

គួរបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍ World Chhung Ju Martial Art Mastershit 2019 លើកទី២ នៅសាធារណរដ្ឋកូរ៉េនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩-៣០ ខែសីហា ដោយកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៥រូបទៅចូលរួម ជាលទ្ធផលកីឡាការិនី ហុង គឹមហួយ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥០គីឡូក្រាម ខណៈកីឡាការិនី ស៊ីថា ស្រីលីន និងកីឡាករ ស្រី រាជបុត្រ ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦០គីឡូក្រាមដូចគ្នា៕