(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេត នឹងត្រូវតតាំងជាមួយវិសាខា ដើម្បីប្រជែងយកកៅអីវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច តេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ និងភ្នំពេញក្រោន ប៉ះក្រុមលេងមិនចាញ់ក្នុងលីគ ព្រះខ័នរាជស្វាយរៀង។

ក្រោយការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ លោក ហៅ សុជាតិ អ្នកចាត់ការទូទៅបឹង កេតបានបញ្ជាក់ថា «យើងមិនមានអ្វីត្រូវគិតទេ ប៉ះក្រុមណាក៏បានដែរ ពីព្រោះគ្រប់ក្រុមដែលបានមកដល់វគ្គនេះ គ្មានក្រុមណាអន់ទេ ហើយសុទ្ធសឹងជាជំនួបដ៏តានតឹងបំផុតដែរ»។

លោកបានបន្តថា ការឆ្លងចូលវគ្គពាក់កណ្ដាលផ្ដាច់ព័ត្រនេះ គឺទាំងថា្នក់ដឹកនាំ ក្រុមការងារ ព្រមទាំងកីឡាករទាំងអស់ គឺមានចិត្តសប្បាយរីករាយ តែទទឹមនឹងនេះ ក៏យើងត្រូវការរៀបចំឲ្យបានល្អដែរ ដោយសារឆ្លងការប្រកួតជាមួយសូលទីឡូអង្គរហើយ យើងមើលឃើញចំណុចខ្វះខាតច្រើនមែនទែនដែលត្រូវកែប្រែ។

អ្វីដែលសំខាន់ផងនោះ ការប្រកួតនឹងមិនប្រើប្រាស់រូបមន្តប្តូរទឹកដីឡើយ ទាក់ទងនឹងក្រុមទំាងពីរនឹងប្រកួតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦៖០០ល្ងាច និងភ្នំពេញក្រោនវិញនឹងត្រូវប៉ះជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦៖០០ល្ងាចផងដែរ៕