(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីត្រៀមដឹកនាំក្រុរហស្សនាមគោព្រៃ តតាំងជាមួយក្រុមជម្រើសជាតិហុងកុង និងបារ៉ែន ក្នុងវគ្គជម្រុះជុំទី២-តំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ពូល C (FIFA World Cup Qatar 2022) នាពេលដ៏ខ្លីខាងមុខ។

បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Honda មកធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិកាលពីវេលាម៉ោងជិត ១០យប់ថ្ងៃទី០១ ខែកញ្ញាម្សិលមិញ។ បន្ទាប់មកលោកគ្រោងនឹងដឹកនាំការហ្វឹកហាត់ផ្ទាល់នៅល្ងាចថ្ងៃចន្ទនេះ ក្រោយលោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់បញ្ជីឈ្មោះបឋម ៣៥នាក់កាលពីចុងខែសីហាកន្លងទៅ។

សូមបញ្ជាក់ថា ភារកិច្ចចំពោះមុខរបស់ក្រុមជម្រើសជាតិកម្ពុជាពេលនេះ គឺត្រូវបើកទ្វារផ្ទះទទួលក្រុមហុងកុង នាថ្ងៃទី០៥ ខែកញ្ញាខាងមុខ មុនបន្ដបើកទ្វារកីឡដ្ឋាននៅភ្នំពេញមួយនេះទទួលក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញាដដែលក្នុងជើងទី១ ប្រចាំពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022។ ចំណែកកម្មវិធីប្រកួតបន្ទាប់វិញ គឺកម្ពុជាត្រូវជួបអ៊ីរ៉ង់ (ក្រៅដី) និងអ៊ីរ៉ាក់ (ក្នុងដី) នាពាក់កណ្ដាលខែតុលា ឆ្នាំ២០១៩ ខាងមុខ៕