(អូស្រ្តាលី)៖ ការបង្ហាញខ្លួនច្រៀងរាំនៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គេកត់សម្គាល់ថា តារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា និង អេឡិច ចាន់ត្រា ទទួលបានការគាំទ្រខ្លាំងមិនចាញ់តារារួមក្រុមរួមមាន លោក សៅ ឧត្តម និងកញ្ញា ព្រះកាយច័ន្ទ នោះទេ។ ផ្ទុយទៅវិញ ធៀបនឹងការបង្ហាញខ្លួនចេញច្រៀងនៅក្រៅប្រទេសមុនៗ គឺទទួលបានការគាំទ្រច្រើនជាងមុន។

តារាចម្រៀង វុទ្ធ សុគន្ធា និងលោក អេឡិច ចាន់ត្រា បានលើកឡើងស្រដៀងគ្នាថា ការលេចធ្លោក្នុងគម្រោងទៅសម្ដែងនៅអូស្ត្រាលីនេះ គឺដោយសារតែតាំងពីបង្ហាញខ្លួននៅលើទឹកដីសំបូរដោយកុងហ្គូរ៉ូ គឺរមែងបង្ហោះរូបភាពច្រៀងរាំនៅតាមផ្ទះរបស់បងប្អូនខ្មែរ ដែលរៀបចំពិធីទទួល ដោយមានមុខមិនអន់ជាងតារារួមក្រុមនោះទេ ខណៈដែលក្នុងឱកាសខ្លះ ទទួលបានការអញ្ជើញពីសំណាក់អ្នកគាំទ្រច្រើនជាងមិត្តរួមក្រុមផង។ អ្នកទាងពីរក៏ត្រូវគេអះអាងថា ត្រូវបានប្អូនខ្មែរ និងអ្នកធានាទទូចឲ្យបន្តការច្រៀងនោះផង ប៉ុន្តែមិនអាចបន្តបាន ដោយសារតែការងារក្នុងស្រុក។

ដោយឡែកកញ្ញា វុទ្ធ សុគន្ធា ទទួលស្គាល់ថា ការបង្ហាញខ្លួនមកច្រៀងលើកនេះ ទទួលបានការគាំទ្រខ្លាំងជាងមុនច្រើន បើធៀបនឹងពេលដែលនាងចេញច្រៀងក្នុងប្រទេសអូស្ត្រាលីកន្លងមក។ ក្នុងនោះសម្រាប់ឱកាសដើរកម្សាន្ត ក៏ត្រូវបានបងធម៌ៗដែលស្រឡាញ់រាប់អាននាងរស់នៅទីនោះ ជូននាងដើរបានច្រើនជាងមុនផងដែរ ដោយនាងយល់ថា ដំណើរលើកនេះ គឺការរាក់ទាក់ពីបងប្អូនខ្មែរ គឺកក់ក្ដៅ។

យ៉ាងណាមិញនាងមិនទាន់ប្រកាន់ថាបានទៅច្រៀងនៅប្រទេសញូហ្សេឡិន តបតាមការអញ្ជើញរបស់ស្ពុនស័រនៅឡើយទេ ដោយសារតែបញ្ហាទិដ្ឋាការនៅញូហ្សេឡិនមិនទាន់ធ្លាក់។ នាងអាចត្រឡប់មកស្រុកសិន ទើបឡើងទៅវិញ ឬ អាចបន្តទៅញូហ្សេឡិនតែម្ដង បើគ្មានបញ្ហា ដោយរង់ចាំមើលភាពជាក់ស្ដែង។ ក្នុងនោះនាង ក៏មិនអាចបន្តពេលវេលាច្រៀងលើសពូថ្ងៃទី៥ កញ្ញា ខាងមុខបានដែរ ដោយសារតែការងារក្នុងស្រុកក៏ជាប់កុងត្រា មិនអាចលើកបាន។

នាងបន្តថា ខ្លួនត្រូវសម្ដែង១ខែនៅអូស្រ្តាលី និង កន្លះខែនៅញូហ្សេឡិន ដោយនាងនឹងបំពេញបានតែក្នុងរយៈពេលដែលបានព្រមព្រៀងជាមួយស្ពុនស័រមុនឡើងមកប៉ុណ្ណោះ ដោយមិនអាចបង្អូសពេលឲ្យនៅយូរបានទេ៕