(ភ្នំពេញ)៖ តារាម៉ូដែលប្រុសរូបសង្ហារ ទឹកមុខមានមន្តស្នេហ៍ លោក ដូរីកូ ត្រូវបានទស្សនិកជនដឹងថា ជាតារាពន្លកថ្មីមួយរូប ដែលមានភាពលេចធ្លោរខ្លាំង ក្នុងកម្មវិធីបង្ហាញម៉ូដនានា។ តារាប្រុសរូបនេះ បានធ្វើឲ្យទស្សនិក ជនសំលឹងស្ទើរមិនដាក់ភ្នែក ពេលបង្ហាញរាងដ៏សង្ហារ បញ្ចេញសាច់ដុំកង់ៗ លើឆាកបង្ហាញម៉ូដម្តងៗ។ យ៉ាងណាមិញ ក្រៅពីការដើបង្ហាញម៉ូត និងសម្ដែង ប្រុសសង្ហារូបនេះ ក៏បានអះអាងថា បើសិនជាមានការទាក់ទង ឲ្យលោកថតជាលក្ខណៈអាក្រាតកាយ ពោលគឺថតជាលក្ខណៈស្លៀកតែខោក្នុង គឺលោកព្រមទទួលថត ប៉ុន្តែអាស្រ័យលើការចរចាគ្នាត្រូវ ។

ថ្លែងតាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News តារាម៉ូដែលរូបសង្ហារលោក ដូរីកូ បានលើកឡើងថា បើសិនជាមានខាងផលិតករ ឬផលិតកម្មណាមួយ ទាក់ទងមកដើម្បីថតបង្ហាញម៉ូត ជាលក្ខណៈអាក្រាតកាយ ពោលគឺស្លៀកតែខោក្នុង បញ្ចេញរាង គឺលោកអាចទទួលយកការថតបាន ប៉ុន្តែក៏អាស្រ័យលើការចរចាគ្នា គឺបូករួមទៅនឹងតម្លៃនៃការថតបង្ហាញម៉ូតបែបនេះជាដើម។ចំពោះលោក ដូរីកូ ផ្ទាល់កន្លងមកលោកក៏ធ្លាប់ថតរូបអាក្រាតកាយ (ស្លៀកតែខោក្នុង) ច្រើនមកហើយ ខណៈដែលការថតសិចស៊ីបែបនេះ គឺអំឡុងពេលដែលលោកទៅប្រកួតក្នុងកម្មវិធីប្រឡងបង្ហាញម៉ូតនៅឯក្រៅប្រទេស ដែលកម្មវិធីតម្រូវឲ្យមានការបង្ហាញម៉ូត ស្លៀកតែខោក្នុងបុរស ។ កន្លងមកគេធ្លាប់តែសង្កេតឃើញ តារាសម្ដែងលោក អេតវីន ហ៊ានថតបង្ហាញម៉ូតបែបអាក្រាតកាយ តែពេលនេះ គឺមានតារាម៉ូដែលប្រុសសង្ហា លោករីកូ ក៏អះអាងថា លោកក៏ទទួលថតបែបនេះផងដែរ ដោយអាស្រ័យលើការចរចាគ្នាត្រូវ ។

ងាកមកការសម្ដែងភាពយន្តវិញ មកទល់នឹងពេលេនេះ លោក ដូរីកូ បានចូលរួមសម្តែងភាពយន្តបានមួយរឿងហើយ។ ក្រៅពីបង្ហាញម៉ូត លោកបានផ្តល់ឱកាសដល់ខ្លួនឯង ជាមួយនឹងការងារដៃទៀត ដោយបើកទទួលការងារ សម្តែងភាពយន្ត។ ទោះជាតារាពន្លកថ្មី មិនមានបទពិសោធន៍ក្នុងការសម្តែងច្រើនក៏ពិតមែន តែតារាប្រុសរូបនេះ មានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន និងត្រូវបានផលិតករផ្តល់ឱកាសឲ្យបញ្ចេញស្នាដៃដំបូងក្នុងរឿង «ឯណាខ្មោច» ដែលទទួលបានការចាប់អារម្មណ៍ ខ្លាំងកាលពីពេលកន្លងមកផងដែរ។

ដោយឡែកសម្រាប់ការថតខ្សែភាពយន្ត ទោះបីជាតារាប្រុសពន្លកខ្ចីរូបនេះ ទើបនឹងទទួលបានការសម្ដែងភាពយន្តបានមួយរឿងក៏ពិតមែន តែលោកពិតជាមានមហិច្ចតាធំ ក្នុងការវិវត្តខ្លួនឲ្យក្លាយទៅជាតារាម្នាក់ដែលមានប្រជាប្រិយភាព កាន់តែខ្លាំងក្នុងសិល្បៈសម្ដែង ដោយលោកចង់សម្ដែងភាពយន្តណា ដែលមានជាឈុតឆាកមានការបាញ់ប្រហារច្រើន ព្រោះកន្លងមកវិស័យភាពយន្តនៅកម្ពុជា គឺមានច្រើនទៅលើ រឿងខ្មោច និងកំប្លែង ដូច្នេះទើបតារាប្រុសរូបនេះ ចង់ឲ្យផលិតករ មានការផលិតជាភាពយន្ត បែបវាយតប់ បាញ់ប្រហារ ដូចភាពយន្តបរទេស ដើម្បីឲ្យវិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើនឡើងកាន់តែខ្លាំង ។

គួរជម្រាបថា លោក ដូរីកូ គឺជាតារាម៉ូដែល និងសម្ដែងមួយរូប ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់ទស្សនិកជន នាបច្ចុប្បន្ន តាមរយៈការបញ្ចេញសមត្ថភាពសម្ដែងភាពយន្តដំបូងរបស់លោក ក្នុងរឿង «ឯណាខ្មោច» ។ យ៉ាងណាមិញក្រោយពីបញ្ចប់ ខ្សែភាពយន្តមួយនេះ លោក ដូរីកូ ក៏ត្រូវបានផលិតករជាច្រើនទាក់ទងថតខ្សែភាពយន្ត ទាំងរឿងភាគ និងរឿងដុំជាបន្តបន្ទាប់ ផងដែរ ៕