(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយពីតារាតារាសម្ដែង និងម៉ូដែល អ៊ឹង និមល បានបើករថយន្តបុក រថយន្តអ្នកជិតខាង ហើយបង្កឲ្យបាក់របងផ្ទះរបស់ លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកកាសែតខ្មែរថាមស៍ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជនបង្កនៅពុំទាន់បានមកធ្វើការទំនាក់ទំនង ដើម្បីសាកសួរចំពោះទង្វើររបស់ខ្លួននៅឡើយ។

លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកខ្មែរថាមស៍ និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាម្ចាស់ពាន់រង្វាន់ផ្នែកព័ត៌មានស៊ើបអង្កេត ដែលទទួលបានពានរង្វាន់ជាង២០ នៅលើឆាកអន្តរជាតិបានថ្លែងថា តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះ លោកពុំទាន់ឃើញមានជនបង្ក មកសួរនាំនៅឡើយនោះទេ។

លោកបានថ្លែងថា «វាជាសិទ្ធិរបស់ជនបង្ករ ប៉ុន្តែប្រទេសមានច្បាប់»។

គួរបញ្ជាក់ផងដែថា នៅវេលារំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយតារាស្រី អ៉ឹង និមល ដែលជាតារាម៉ូដែល និងសម្ដែង។ តារាស្រីបានបើករថយន្តម៉ាក Highlander របស់ខ្លួនពាក់ស្លាកលេខ 2AM 8395 ទៅបុករថយន្តរបស់អ្នកជិតខាងមួយគ្រឿងម៉ាក Pruise ពណ៌ទឹកប្រាក់ បណ្ដាលឲ្យខូចខាតកង់ខាងក្រោយផ្នែកខាងតៃកុង (ឆ្វេង) និងកង់ខាងមុខ។ កម្លាំងនៃការប៉ះទង្គិច ក៏បានបណ្ដាលឲ្យខូចខាតដល់របងផ្ទះលោក ម៉ៃ ទិត្យថារ៉ា ហើយរថយន្តបង្កបានផ្ទុះពោង ទៅមុខលែងរួច។

លុះថ្ងៃបន្ទាប់ទាំងរថយន្តបង្ក និងរថយន្តរងការប៉ះទង្គិច នៅរក្សាទុកនៅទីតាំងកើតហេតុ ដដែលរហូតដល់ម៉ោងជិត២រសៀល។

លោកថាបានថ្លែងថា ៖«ខ្ញុំសុខចិត្តទៅធ្វើការយឺតដោយ រំពឹងការភាគីបង្កគាត់រួតរះរករថយន្តស្ទួយ ស្ទួយរថយនជនរងគ្រោះចេញពីមុខផ្ទះខ្ញុំ ប៉ុន្តែចាំរហូតដល់ម៉ោង១១ព្រឹក នៅតែមិនឃើញ ខ្ញុំក៏ឡើងផ្លោះរថយន្តរងគ្រោះចេញទៅធ្វើការ»។

នៅក្នុងវិដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ កញ្ញា អ៉ឹង និមល បានកើតទុក្ខមិនសុខចិត្ត នឹងអ្នកកាសែត លោក ម៉ៃ ទិត្យថារ៉ា ដែលជាម្ចាស់ផ្ទះត្រូវឡានបុកគ្នា ហើយជ្រុលទៅបុកបាក់របងផ្ទះរបស់លោក។ នាង អ៉ឹង និមល បានអះអាងថា មូលហេតុ នាងមកពីថតកុន ងោក១ផាំង ដោយសារតែអស់កម្លាំងថតកុន មិនមែនស្រវឹងទេ។ ឡាននាងបុកដល់ថ្នាក់ដាច់កង់ខាងឆ្វេង និងផ្ទុះពោង។

តារាស្រី អ៉ឹង និមល បានអះអាងថា នាងនឹងមិនសងការខូចខាតរបងនោះទេ ក្រោយពីលោក ម៉ៃ ទិត្យថារ៉ា បង្ហោះតាមហ្វេសប៊ុករួចហើយ។ នាងក៏មិនសុខចិត្តនឹងលោក ម៉ៃ ទិត្យថារ៉ា ដែលបានបង្ហោះហ្វេសប៊ុក ដាក់លេខផ្ទះរបស់នាងដូច្នេះ ដោយមានប្រើទៅដល់ពាក្យ «អា» ថែមទៀត។

ទាក់ទងទៅនឹងបញ្ហានេះលោក ម៉ៃ ទិត្យថារ៉ា បានថ្លែងយ៉ាងខ្លីថា៖ «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូច្នេះអ្វីៗត្រូវធ្វើទៅតាមផ្លូវច្បាប់»៕