(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ បានចាប់ឆ្នោតបែងចែកគូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចហើយ ដោយក្រុមវិសាខា ត្រូវជួបបឹងកេត និងភ្នំពេញក្រោន ជួបក្រុមព្រះខ័នរាជស្វាយរៀង ។

តាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានឲ្យដឹងថា វិសាខា នឹងត្រូវប៉ះបឹងកេត នាថ្ងៃទី១៨ ខែកញ្ញា ហើយភ្នំពេញក្រោន ត្រូវជួបអតីតក្រុមជើងឯក ៤សម័យកាលព្រះខ័នរាជស្វាយរៀង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នាវេលាម៉ោង ៦ល្ងាចដូចគ្នា និងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។

សូមរំឭកថា ចំពោះលទ្ធផលកាលពីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ មុនឡើងមកវគ្គដ៏សំខាន់នេះ វិសាខា បានទម្លាក់គិរីវង់ ដោយលទ្ធផល ៥-២, បឹងកេត ទម្លាក់សូលទីឡូអង្គរ ២-១, ព្រះខ័នរាជស្វាយរៀង លត់ក្រុមអង្គរថាយហ្គឺរ ៦-០ និងក្រុមភ្នំពេញក្រោន បានទម្លាក់ក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួត ២ជើងស្មើគ្នា ២-២៕