(ប៉ារីស)៖ ក្រុមការពារតំណែងជើងឯក Paris Saint-Germain បានធ្វើដំណើរឡើងទៅឈរនៅកំពូលតារាងនៃ Ligue 1 វិញ ក្រោយបំបាក់ម្ចាស់ផ្ទះ Metz ក្នុងលទ្ធផល ២-០ ក្នុងសប្តាហ៍ទី៤ នាយប់មិញនេះ ដោយពុំមានវត្តមានតារាឆ្នើម Neymar ដដែល។

ខ្សែប្រយុទ្ធប្រេស៊ីល បានបន្តអវត្តមាន ៤សប្តាហ៍បើករដូវកាលថ្មីឆ្នាំ២០១៩-២០២០ នៅក្របខណ្ឌលីគកំពូលបារាំង Ligue 1 ក្នុងប្រកួតដែលជាជ័យជម្នះលើកទី៣ ជាប់គ្នា ក្រៅពីចាញ់ Rennes ២-១ នៅថ្ងៃបើកឆាកនោះ បានធ្វើឲ្យ PSG រកបាន ៩ពិន្ទុឡើងទៅឈរនៅកំពូលបណ្តោះអាសន្នផងដែរ។

កីឡាករអន្តរជាតិអាហ្សង់ទីន Angel Di Maria ជាអ្នករកបានគ្រាប់ទី១ ឲ្យ PSG ដោយបាល់ប៉េណាល់ទីនៅនាទី១១ មុនពេលមិត្តរួមក្រុម Choupo-Moting ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៤៣ ដែលជាគ្រាប់ទី៣ របស់គេផងដែរពីការបង្ហាញខ្លួនបាន ២ប្រកួតក្នុង Ligue 1 រដូវកាលថ្មីនេះ។

ក្នុងជំនួបក្រៅដីលើកទី២ នោះដែរ PSG ក៏ពុំមានកីឡាករសំខាន់ Kylian Mbappe និង Edinson Cavani នោះទេ ដោយសារបញ្ហារបួស គ្រាដែលខ្សែប្រយុទ្ធលេខ១០ Neymar កំពុងស្ថិតនៅលើផ្លូវផ្ទេរទៅក្លឹបចាស់ FC Barcelona វិញដែរ៕