(ភ្នំពេញ)៖ ក្រុមបាល់ទាត់មហាហង្សរបស់លោក អ៊ិន សុភិន ដែលប្រមូលផ្តុំដោយតារាប្រុសល្បីៗជាច្រើនដួង បានចាប់ដៃប្រកួតមិត្តភាពជាមួយនឹងក្រុមបាលទាត់ថៃ ដើម្បីស្វែងរកមូលនិធិជូនដល់មន្ទីពេទ្យ គន្ធបុប្ផា។ ជាលទ្ធផល ក្រុមតារាកម្ពុជា បានយកឈ្នះក្រុមតារាថៃ ៥-៤។

លោក អ៊ិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្ស និងអ្នករៀបចំព្រឹត្តិការណ៍មួយរូប បានលើកឡើងថា ក្នុងចំណោមអ្នកចូលរួមប្រកួតក្នុងក្រុម Cambodia Super Stars ជាមួយនឹងក្រុមតារាថៃ កាលពីយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ មិនមានសមាសភាពណាក្រៅពីតារាសិល្បៈ និងបុគ្គលិកពេញសិទ្ធរបស់ផលិតកម្មមហាហង្សនោះទេ។ លោកថា ក្រុមតារាកម្ពុជាបានរួមគ្នាលេងបានយ៉ាងខ្លាំង ដោយបានសង្រ្គប់លើក្រុមថៃតាំងពីនាទីទី ១០ មកម្ល៉េះ។ ជាលទ្ធផលក្រុមបាល់ទាត់កម្ពុជាបានឈ្នះថៃ ក្នុងគ្រាប់បាល់ ៥-៤។ លើសពីនេះ លោកបានបង្ហាញឲ្យឃើញពីមោទនភាពផងដែរ ដែក្រុមមហាហង្ស អាចទប់ជាមួយនឹងអាជីពបឹងកេត ក្នុងលទ្ធផល ៣-២។​

ទន្ទឹមគ្នានេះ ក្រុមបាល់ទាត់មិត្តភាពរវាង តារាខ្មែរ និងតារាថៃពេលនេះ គឺក្នុងគោលបំណងដើម្បីប្រមូលថវិកាមូលនិធិ ដែលរកបានពីការលក់សំបុត្រ និងការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច យកទៅប្រគល់ជូនមូលនិធីគន្ធបុប្ផាកម្ពុជា។ អ្វីដែលមហាជនធ្វើការកត់សម្គាល់ ទោះជាមានការរំខានដោភ្លៀងក៏ពិតមែន ប៉ុន្តែនៅតែមានអ្នកចូលរួមទស្សនាច្រើនកកកុញ ខណៈតារាសិល្បៈប្រុសស្រីនានា ក៏បង្ហាញខ្លួនយ៉ាងកុះករដល់ចប់ផងដែរ។

គួរជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាំ គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុន៣ គឺ ក្រុមហ៊ុន RF3 World Cambodia Co.,Ltd , ក្រុមហ៊ុន Phalitakam mohahang Co.,Ltd និងក្រុមហ៊ុន All That Once Co.,Ltd.៕