(ភ្នំពេញ)៖ ប្រជាជនខ្មែរប្រុសស្រី តែងតែធ្វើបុណ្យដាក់ទាន ដើម្បីជាការតបស្នងសងគុណ បុព្វការីជន មាតាបិតា ឬដូនតាជាដើម ដែលនេះបានក្លាយជាទម្លាក់ដ៏ប្រពៃមួយ គួរជាទីគោរព និងកោតសរសើរ។ តែយ៉ាងណា ការធ្វើបុណ្យទាំងអស់នោះ ក៏មិនត្រឹមត្រូវទាំងស្រុងឡើយ ដូចមតិមួយលើកឡើងថា «ធ្វើបុណ្យខុស»។ ហេតុនេះហើយ ដើម្បីជាការដាស់តឿនដល់បុគ្គលគ្រប់រូប កុំឲ្យធ្វើបុណ្យខុស ពេលនេះផលិតកម្ម ដុំហ្វីល The Reel បានផលិតជាវីដេអូខ្លីមួយ បង្កប់នូវអត្ថន័យអប់រំច្រើន សម្រាប់ជាជំនួយស្មារតីដល់កូនៗគ្រប់រូប។

ខ្សែវីដេអូខ្លីបែបអប់រំរឿង «ធ្វើបុណ្យខុស» របស់ផលិតកម្ម ដុំហ្វីល The Reel បានចូលរួមសហការផលិតជាមួយផលិតកម្ម មរតកមេឌៀ កំពុងធ្វើឲ្យអ្នកទស្សនារំជួលចិត្តនឹងសាច់រឿងនេះកាន់តែខ្លាំង ព្រោះវាបានស្តែងចេញពីសង្គមបច្ចុប្បន្ន ដែលបានកើតឡើងក្នុងសង្គមគ្រួសារមួយចំនួនតូច ហើយវីដេអូនេះ បានដាស់តឿនស្មារតីរបស់កូនៗគ្រប់រូប ឲ្យនឹកគិតដល់សុខទុក្ខអ្នកមានគុណ គឺឪពុកម្តាយកាន់តែខ្លាំង។ ពិតណាស់រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថាជាពិធីបុណ្យសាសនា កំពុងតែខិតចូលមកដល់ហើយ។ ហេតុនេះ សម្រាប់រឿងខ្លី «ធ្វើបុណ្យខុស» ប្រៀបបាននឹងចង្កៀងបំភ្លឺសតិដល់បុគ្គលមួយចំនួន ដែលធ្លាប់ប្រព្រឹត្តខុសដាក់អ្នកមានគុណ ឲ្យកែខ្លួនជាថ្មី ឲ្យចេះធ្វើបុណ្យឲ្យចេះគិតគួរព្រះរស់នៅផ្ទះ។

បើតាមការបញ្ជាក់របស់ យាយអឿន ដែលជាតួសម្តែងក្នុងរឿងខ្លីនេះមួយរូប បានឲ្យដឹងថា ភាពយន្តខ្លីនេះបានចំណាយពេលវេលាផលិតប្រមាណជា ១៨ថ្ងៃមុន ពេលដាក់ផ្សាយនៅលើបណ្តាញ Facebook និង Youtube។ លោកយាយថា រឿងនេះរឿងបែបអប់រំ និងមានគោលបំណងជំរុញលើកទឹកចិត្ត និងដាស់ស្មារតីរបស់កូនៗ ដែលមិនមានពេលវេលាគ្រប់គ្រាន់ នៅជិតមើលថែអ្នកមានគុណ និងធ្វើបុណ្យជាមួយមនុស្សដែលស្រលាញ់ថ្នាក់ថ្នម បារម្ភយើងគ្រប់ពេលវេលា គឺឪពុកម្តាយ។

ចាងហ្វាងផលិតកម្ម មរតកមេឌៀ លោក ឈួនសុខលីម បានប្រាប់ថា ភាពយន្តនេះក៏ជាកិច្ចសហការផលិត របស់ផលិតកម្មលោកជាមួយ ផលិតករជនជាតិខ្មែររស់នៅក្រៅប្រទេស និងជាអ្នកដឹកនាំរឿងភាគខ្មែរជើងចាស់ម្នាក់។

លោកបញ្ជាក់ថា លោកបង្កើតរឿងឡើងបន្ថែមលើការផលិតបទចម្រៀង ដោយសារលោកធ្លាប់ធ្វើការសង្គមស៊ីវិល ហើយលោកធ្លាប់និពន្ធរឿងខ្លីអប់រំឲ្យគេច្រើនមកហើយ ដូចនេះមានតែតាមរយៈរឿងខ្លីនេះហើយ ដែលអាចជួយស្តាឲ្យប្រជាជនយល់ដឹងបានមួយភាគ។ ព្រោះលោកមិនមានថវិការផលិតចាក់ផ្សាយនៅទូរស្សន៍ទេ គឺប្រជាជនចូលចិត្តហ្វេសប៊ុក និងយូធូបទើបគាត់ផលិតដាក់បង្ហោះឲ្យមើលទៅ។

លោកថា ការផលិតមិនល្អស្តង់ដាទេ តែអាចឲ្យបងប្អូនមើលបានងាយយល់ និងមានអារម្មណ៍ល្អបានហើយ ថ្ងៃក្រោយលោកគិតថានឹងពង្រីកផ្នែកចម្រៀងបុរាណ និងសម័យ ព្រមទាំងរឿងអប់រំខ្លីៗឲ្យបានកាន់តែច្រើនសម្បូរបែបទៅតាមលទ្ធភាពដែលផលិតកម្មអាចធ្វើបាន៕