(មែនឆេស្ទើ)៖ ក្រុមបាល់ទាត់កំពុងស្ថិតក្រោមការដឹកនាំដោយលោក Ole Gunnar Solskjaer ក្លឹប Manchester United នឹងត្រូវបន្តទៅប្រជែងយក ៣ពិន្ទុ ទល់នឹងក្រុមម្ចាស់ផ្ទះ Southampton ដោយពុំមានវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Anthony Martial និងមិត្តរួមក្រុម Luke Shaw, Eric Bailly, Diogo Dalot និង Mensah ដោយសារកំពុងជួបបញ្ហារបួស។

ការប្រកួតរវាងក្រុមទាំង Man Utd និង Southampton ក្នុងសប្តាហ៍ទី៤ ជើងទី១ និងត្រូវធ្វើឡើងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង ៦៖៣០នាទី (ម៉ោងនៅកម្ពុជា) គ្រាដែលបញ្ហារបួសរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Anthony Martial ត្រូវបានកើតឡើងពេលជួបក្រុម Crystal Palace ចាញ់ក្នុងលទ្ធផល ២-១ គ្រាដែលក្រុមរបស់លោក Ralph Hasenhuttl គឺមិនមានកូនក្រុមរបួសនោះទេ។

គួរបញ្ជាក់ផងថា សម្រាប់ប្រវតិ្តជួបគ្នារវាងក្រុមទាំងពីរ Man Utd និង Southampton កាលពីរដូវកាលមុនបានបញ្ចប់ដោយលទ្ធផលស្មើ១ និងឈ្នះ១ ដោយបិសាចក្រហមបានយកឈ្នះក្នុងលទ្ធផល ៣-២ កាលពីជើងទី២ រដូវកាលមុន ខណៈរដូវកាលនេះចំណាត់ថ្នាក់នៃតារាងពិន្ទុបណ្ណោះអាសន្នក្រុម Man Utd កំពុងឈរនៅលេខរៀងទី៥ និង Southampton ឈរនៅលេខ១៨ បាតតារាង៕