(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោនបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្រោយយក​ឈ្នះក្រុមក្រសួងការពារជាតិដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។

អ្វីដែលសំខាន់ផងនោះ ក្រោយចប់ការប្រកួតលោកគ្រូ ស៊ុំ វណ្ណា បាននិយាយថា «ក្រសួងការពារជាតិជាក្រុមមួយ ដែលមានគុណភាពនៃការលេងស្រដៀងយើងទាំងការការពារ និងការវាយបក ដូច្នេះយើងមានការរៀបចំប្រហាក់ប្រហែលពួកគេដែរ ពោលគឺយើងគឺមិនសូវមានភាពប្រែប្រួលនៃការលេងកាលពីជើងទីមួយនោះទេ»។

គួរដឹងបន្ថែមទៀតថា ឆ្លងកាត់ការប្រកួតចំនួន២លើកជាមួយក្រុមក្រសួងការពារជាតិ ដោយជើងទីមួយក្រុមភ្នំពេញក្រោនបានចាញ់ជាមួយលទ្ធផល១-០ ហើយជើងទីពីរនេះក្រុមភ្នំពេញក្រោនបានយកឈ្នះជាមួយនឹងលទ្ធផល ២-១ នៅដីរបស់ខ្លួន រួចក៏បន្តឈានដល់វគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ដោយក្រុមម្ចាស់ផ្ទះបានទាត់ចូល៥គ្រាប់ទល់នឹង៤គ្រាប់។

សម្រាប់ការប្រកួតនេះក្រុមរបស់យើងបានបង្កើតឱកាសច្រើន ប៉ុន្តែការបញ្ចប់ទីរបស់យើងមិនបានល្អ ហើយនេះជាអ្វីដែលយើងត្រូវតែពង្រឹងបន្ថែមទៀត យើងបានរបូតគ្រាប់បាល់ ហើយវាក៏ជាកំហុសរបស់យើងដែលបណ្តោយឲ្យគូប្រកួតលេងក្នុងប្រអប់ដោយស្រូលផងដែរ។

ទាក់ទងនិងការទាត់បាល់១១ម៉ែត្រលោកគ្រូបានបញ្ជាក់ថា «សម្រាប់ការជ្រើសរើសគឺមានការពិភាក្សាគ្នារវាងខ្ញុំ អ្នកចាត់ការទូទៅក្រុម និងអ្នកចាត់ការទូទៅក្លឹប ខ្ញុំអាចនិយាយបានថាពួកគាត់ទាំងពីរនៅជាមួយក្រុមកីឡាករយូរជាងខ្ញុំ ដូច្នេះគាត់អាចយល់ច្បាស់ពីស្ថានភាពនិងអារម្មណ៍របស់កីឡាករម្នាក់ៗ ហើយជាលទ្ធផលគឺក្រុមកីឡាកររបស់យើងធ្វើបានល្អមែន»